មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ ទទួលស្វាគមន៍ដំណេីរទស្សនកិច្ចរបស់មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលស្វាគមន៍ដំណេីរទស្សនកិច្ចរបស់ នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide)មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងគណៈប្រតិភូ​ នៅទីបញ្ជាការកងពលតូចលេខ៧០។

លោកឧត្តមសេនីយ៍ឯក ក៏បានរំលឹកអំពីការរួមចំណែករបស់ប្រទេសជប៉ុន នៅក្នុងការរួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា ដែលជួយឲ្យកម្ពុជាបង្កើតបានរាជរដ្ឋាភិបាលស្របច្បាប់នៅឆ្នាំ១៩៩៣ ហើយមកដល់បច្ចុប្បន្ន ជប៉ុននៅតែបន្តជួយអភិវឌ្ឍន៍កម្ពុជា ក្នុងនោះកត្តាដែលសំខាន់ គឺការជួយកសាងធនធានមនុស្ស និងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនាពេលកន្លងមក។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានថ្លែងអំណរគុណដល់ លោក នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide) និងជូនពរអោយទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជាទទួលបានលទ្ធផលល្អផងដែរ។

ជាកិច្ចឆ្លើយតប លោក នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide)បានសំដែងការអរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សុខសន្តិភាព និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាមានការរីកចម្រើន។
នាយឧត្តមសេនីយ៍ បានធ្វើការកត់សម្គាល់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ដែលពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការវិវត្តន៍ឥតឈប់ឈរ ក្នុងនោះវិស័យការពារជាតិ ក៏កំពុងត្រូវបានពង្រឹងជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និងការជួយបណ្ដុះបណ្ដាល។

នាយឧត្ដមសេនីយ៍ យូស៊ីហ៊ីដិ(Yoshida Yoshihide) បានសម្ដែងសេចក្តីរីករាយ និងអំណរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលបានឈានដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយតាមរយៈជោគជ័យនេះ ជប៉ុននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាថែមទៀត៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print