ភ្នំពេញ៖ បុរសម្នាក់ដែលជាអ្នកទិញលក់ម៉ូតូ ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍បឹងរាំង សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួន បន្ទាប់ពីបុរសរូបនេះ បានទិញម៉ូតូពីចោរដែល លួចបានយកមកលក់ឲ្យ រហូតដល់សមត្ថកិច្ចស្រាវជ្រាវចាប់បានតែម្តង ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០១៥ នៅកន្លែងផ្ញើម៉ូតូ ស្ថិតនៅចំណុចឃ្លាំងលេខ២៧៨ ផ្លូវលេខ១៨២កែងផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ ជនសង្ស័យ ឈ្មោះឡុង ជេថា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅផ្ទះលេខ ៦៦E៣ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
មន្ត្រីនគរបាលប៉ុស្តិ៍បឹងរាំង បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនគឺយោងតាមសេចក្តីរាយការណ៍ពីជនរងគ្រោះឈ្មោះលាង ឧត្តម ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានមកប្តឹងថាគាត់បានបាត់ម៉ូតូ១គ្រឿងម៉ាក់ហុងដា ស្តុបពី ពណ៍ស ពាក់ស្លាក់លេខភ្នំពេញ១.FC-៨៨៨៣ លុះដល់ម៉ោងកើតហេតុ ក៏ប្រទះឃើញជនសង្ស័យកំពុងដោះស្លាកលេខ ដោយមើលតាមប្រព័ន្ធ PGS ដាក់ជាប់ និងម៉ូតូនៅកន្លែងផ្ញើ ស្ថិតនៅចំណុចឃ្លាំងលេខ២៧៨ ផ្លូវលេខ ១៨២ កែងផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្លាមនោះ សមត្ថកិច្ច និងជនរងគ្រោះ បាននាំគ្នាឃ្លាំមើលក៏ចាប់បានជនសង្ស័យតែម្តង ។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវសមត្ថកិច្ចដកហូតវត្ថុតាង មានម៉ូតូ៤គ្រឿង ទី១ ម៉ាក់ហុងដា សេ១២៥ ពណ៍ខ្មៅ ចំនួន២គ្រឿង, ទី២ ម៉ាក់វេវ ពណ៍ក្រហមលាយខ្មៅ១គ្រឿង និងទី៣ ម៉ាក់ស្តុបពី ពណ៍ស ១គ្រឿង, លុយ១១០០ដុល្លរ និង២៣ម៉ឺន៥ពាន់រៀល, ទូរស័ព្ទដៃ២គ្រឿង អាយឌី១គ្រឿង កាបូប១ កូនសោ១ចង្គោម ប្រគល់អោយនគរបាលខណ្ឌសែនសុខវិញ ព្រោះជាម្ចាស់ករណី ៕ ស ដារ៉ា