ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ​ ណែនាំដល់កសិករឱ្យធ្វើការរក្សាទុកពូជស្រូវដោយខ្លួនឯង ដើម្បីកាត់បន្ថយចំណាយក្នុងការដាំដុះ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោកប្រធានមន្ទីរ ដឹកនាំមន្ត្រីជំនាញសហការជាមួយមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកអូររាំងឪ និងលោកមេឃុំព្រះធាតុ កាលពីថ្ងៃទី១៥ ខែកុម្ភៈថ្មីៗនេះ​ បានចុះពិនិត្យការដាំដុះជាថ្មីនិងក្តាប់ពីស្ថានភាពប្រមូលផលដំណាំស្រូវដែលបានដាំស្តារឡើងវិញក្រោយជំនន់ទឹកទន្លេមេគង្គនាពេលកន្លងមក នៅភូមិសាស្ត្រឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

តាមរបាយការណ៍របស់លោកមេឃុំ ការដាំជាថ្មីពេលនេះធ្វើឡើងលើផ្ទៃដីប្រមាណ ១០០ ហិកតា បន្ទាប់ពីប្រមូលផលរួច ដោយប្រើប្រាស់ពូជដែលបានពីការដាំដុះស្តារឡើងវិញកន្លងមកនេះ បានពិនិត្យឃើញថា ស្រូវមានដំណុះល្អ។ លោកមេឃុំក៏បានរៀបរាប់ផងដែរថា ពូជស្រូវអន្តរាគមន៍ពីរាជរដ្ឋាភិបាលដាំស្តារឡើងវិញបន្ទាប់ពីទឹកជំនន់កន្លងមកនេះ ប្រជាកសិករប្រមូលផលរួចរាល់ដោយមានទិន្នផលជាមធ្យម ៦តោនក្នុងមួយហិកតា ព្រោះគ្រាប់ពូជមានដំណុះនិងសុខភាពល្អ លក់បានតម្លៃ ១ ០៣០រៀលក្នុងមួយគីឡូក្រាម។ ប្រជាកសិករសប្បាយរីករាយនិងបន្តរក្សាទុកជាពូជមកដល់ពេលនេះទៀត។ ក្នុងឆ្នាំ២០២២ ឃុំព្រះធាតុ ស្រូវខូចខាតដោយទឹកជំនន់ ១៣០ហិកតា ស្មើ ២០៤គ្រួសារ ហើយទទួលបានការជួយអន្តរាគមន៍ពូជពីរាជរដ្ឋាភិបាលចំនួន ១៥,៨០០គីឡូក្រាម។

តាមការពិនិត្យនេះ យើងសង្កេតឃើញថា ការរក្សាទុកពូជបន្តនេះ ពូជមានគុណភាពទទួលយកបាន ក្រុមការងារ ក៏បានណែនាំ និងសូមឱ្យលោកមេឃុំជួយផ្សព្វផ្សាយបន្ត ជូនប្រជាកសិករ ឱ្យរក្សាទុកស្រូវនៅជ្រុងណាមួយនៃដីស្រែដែលគិតថាមានបរិមាណស្រូវសមល្មមសម្រាប់ព្រោះលើផ្ទៃដីដាំបន្ត ដោយធ្វើការសម្អាតស្មៅ កាត់ពូជលាយ និងសម្រាំងគ្រាប់ឲ្យបានស្អាតល្អ។ ការធ្វើបែបនេះ វានឹងអាចឲ្យយើងមានពូជគុណភាពសមរម្យនិងកាត់បន្ថយចំណាយលើការទិញពូជពីក្រៅ។

...

សូមជម្រាបជូនថា ឆ្នាំ២០២២ ដំណាំស្រូវរបស់ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ ៣ ៩០៥,៧០ហិកតា ខូចខាតដោយសារទឹកជំនន់ ស្មើនឹង ៤ ៩៩២គ្រួសារ ហើយទទួលបានការជួយអន្តរាគមន៍ផ្តល់ស្រូជពីរាជរដ្ឋាភិបាល ៣៩៥ ០៥០គីឡូក្រាម។ តាមរយៈការចុះពិនិត្យកន្លងមកស្រូវមានដំណុះល្អ លូតលាស់ល្អ ហើយរហូតមកដល់ពេលនេះ ស្រូវទាំងអស់បានប្រមូលផលរួចរាល់ដោយមានទិន្នផលជាមធ្យម ៥,៥តោនក្នុងមួយហិកតា លក់បានក្នុងតម្លៃជាមធ្យម ១ ០២០រៀលក្នុងមួយគីឡូក្រាម។ កសិករត្រូវចុះស្រែជាទៀងទាត់ ដើម្បីតាមដានទប់ស្កាត់សមាសភាពចង្រៃ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print