ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ មកពីស្រុកកណ្តាលស្ទឹង ចំនួន ១៧៣នាក់ ,ស្រុកអង្គស្នួល ២១៨ នាក់ សរុបរួមចំនួន ៣៩១ នាក់ នៅក្នុងបរិវេណវត្តអង្គពពាយមានជ័យ ក្នុងឃុំក្រាំងម្កាក់ ស្រុកអង្ឋអង្គស្នួល ខេត្តកណ្តាល ។
មានប្រសាសន៍សំណេះសំណាល លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។ សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។
លោកបានបន្ថែមថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី សម្តេចទាំងពីរបានខិតខំទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រ និងការយកចិត្តទុកដាក់ដល់អ្នកផ្ទុកមេរោគអេដស៍ អ្នករងផលប៉ះពាល់ពីមេរោគអេដស៍ និងជំងឺអេដស៍ ព្រមទាំងស្ត្រីមានផ្ទៃពោះ ក្នុងការទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គមឱ្យកាន់តែទូលំទូលាយថែមទៀត។
អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានចែកជូនប្រជាពលរដ្ឋក្រីក្រដែលរស់នៅជាមួយមេរោគអេដស៍ ក្នុង១ម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ម៉ាស ១កញ្ចប់, អាវរងា ១កញ្ចប់ និងថវិកា ១០ម៉ឺនរៀល៕
ដោយ : សហការី