ខេត្តតាកែវ៖ គ្រូនិងសិស្សទាក់សត្វម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗពេលដែលកំពុងរង់ចាំចាប់សត្វលលកដែលជិតចូលអន្ទាក់ខ្លួនពេលមេឃជិតភ្លៀង។
ករណីរន្ទះបាញ់គ្រូនិងសិស្សទាក់លលកនេះកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅកណ្តាលវាលស្រែនៅភូមិឫស្សី ឃុំចំប៉ា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។
តាមសាច់ញាតិជនរងគ្រោះបាននិយាយថា អ្នកទាំង២នាក់ដែលរងគ្រោះដោយសារន្ទះបាញ់នេះបានទៅរកទាក់សត្វលលកតាំងពីមេឃមិនទាន់ភ្លៀង លុះមេឃរកកលនិងភ្លៀងពួកគាត់នៅតែមិនត្រឡប់មកផ្ទះ ដោយសង្ស័យថាអាចនៅរង់ចាំចាប់សត្វដែលជិតចូលអន្ទាក់ខ្លួន។
ពួកគាត់បន្តថា ជនរងគ្រោះទាំង២នាក់មានឈ្មោះ គា ប៊ុណ្ណា ភេទប្រុស អាយុ៥២ឆ្នាំ ជាគ្រូ និងឈ្មោះ ឆាយ នី ភេទប្រុស អាយុ២៩ឆ្នាំ ជាសិស្ស អ្នកទាំង២រស់នៅភូមិជ្រោយ ឃុំចំប៉ា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។
បច្ចុប្បន្នសពជនរងគ្រោះទាំង២ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ក្រោយពេលដែលសមត្ថកិច្ចចុះទៅពិនិត្យនិងធ្វើកំណត់ហេតុ។
សូមបញ្ជាក់ផងដែរថា នៅឃុំចំប៉ាដែលទទួលបានភ្លៀងធ្លាក់យ៉ាងជោគជាំកាលពីថ្ងៃទី១០នោះ ក៏មានខ្យល់កន្ត្រាក់បោកបករលំផ្ទះប្រជាពលរដ្ឋទាំងស្រុងអស់២ខ្នងផងដែរ គឺនៅភូមិដង្ហិត ឃុំចំប៉ា ស្រុកព្រៃកប្បាស។ ចំណែកឯស្រុកសំរោង គឺនៅភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវវិញ ក៏មានផ្ទះប្រពលរដ្ឋត្រូវខ្យល់កន្ត្រាក់បោកបក់រលំអស់១៣ខ្នង រលំទាំងស្រុង៦ខ្នង និងរងផលប៉ះពាល់៧ ខ្នងផងដែរ៕
ដោយ៖ ជីសូរិកា