សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង : នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ស្ថិតនៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោក ប៊ិន ជីវ័ន្ត អភិបាលនៃគណៈអភិបាលស្រុកកំចាយមារ បានធ្វើរបាយការណ៍ឱ្យដឹងថា វត្តមុនីរស្មីព្រៃត្បែង បានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់លោកអាចារ្យ ពិន ម៉ៅ នាឆ្នាំ២០០៥ លើផ្ទៃដីជាង២ហិកតា ដោយមានការរួមកម្លាំងសាមគ្គីគ្នាកសាងសមិទ្ធផលជាច្រើន ដែលរហូតមកដល់ពេលនេះបានសាងសង់រួចរាល់ជាស្ថាពរនូវព្រះវិហារ ក្លោងទ្វារ សាលាឆាន់ កុដិឈើ បន្ទប់ទឹក របងព័ទ្ធជុំវិញ ព្រមទាំងសមិទ្ធផលផ្សេងទៀត។

លោកបន្តថា សមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនៅថ្ងៃនេះ ចំណាយថវិកាអស់ចំនួន ៣៥៧.១២០ ដុល្លារ ដែលថវិកាទាំងនោះបានមកពីការរួមចំណែករបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រៃវែង សប្បុរសជនជិតឆ្ងាយ និងពុទ្ធបរិស័ទចំណុះជើងវត្ត។

លោកអភិបាលក៏បានរាយការណ៍ជូនសម្ដេច និងអង្គពិធីបន្ថែមដែរថា ដោយមើលឃើញថាកុមារតូចៗជាសិស្សានុសិស្ស ពិបាកធ្វើដំណើរទៅសិក្សានៅសាលារៀនឆ្ងាយ អាចារ្យគណៈកម្មការវត្ត និងអាជ្ញាធរ បានសាងសង់សាលា១ខ្នង មាន៣បន្ទប់ ក្រោមការឧបត្ថម្ភពីជនជាតិអូស្ត្រាលីអស់ថវិកាជាង២ម៉ឺនដុល្លារ ដោយសព្វថ្ងៃមានគ្រូបង្រៀន ៣នាក់ និងសិស្សានុសិស្ស ១៣៥នាក់ ហើយពុំទាន់មានទីចាត់ការនៅឡើយ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ខេត្តព្រៃវែង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកកំចាយមារ និងរដ្ឋបាលឃុំ ព្រមទាំងអាជ្ញាធរភូមិ និងប្រជាពលរដ្ឋដែលបានខិតខំរួមគ្នាការពារសុខសន្តិភាព សុខសុវត្ថិភាព រួមគ្នាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទក។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនទាំងអស់ដែលបានផ្ដួចផ្ដើមគំនិត និងបរិច្ចាគថវិកាសាងសង់សមិទ្ធផលនានានៅក្នុងវត្តនេះ រួមទាំងសាលាបឋមសិក្សា ដែលជាការរួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាងសង្គមជាតិ ក្នុងឱកាសដែលកម្ពុជាកំពុងមានសុខសន្តិភាពទាំងស្រុង មានស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនោះ សម្ដេចក្រឡាហោម ក៏បានប្រកាសផ្ដល់អគារសិក្សាបន្ថែម ៣បន្ទប់ទៀត ដើម្បីបង្គ្រប់ ៥បន្ទប់ ក្នុងនោះ ១បន្ទប់ សម្រាប់ធ្វើជាទីចាត់ការ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមចូលរួមបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីសម្រេចបានជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ជាតិធំៗនាពេលខាងមុខ រួមទាំងបន្តការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋផងដែរ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print