លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ជាទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការបង្កើតការងារ គឺមានកត្តាធំៗចំនួន ៣ ដែលត្រូវបន្តយកចិត្តទុកដាក់

ចែករំលែក៖

ភ្នំពេញ : ជាទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការបង្កើតការងារ គឺមានកត្តាធំៗចំនួន ៣ ដែលត្រូវបន្តយកចិត្តទុកដាក់ រួមមានជាអាទិ៍៖
១-កត្តាបរិមាណ
២-កត្តាគុណភាព
៣-កត្តាសមធម៌ ។
៊៊នេះជាប្រសាសន៍របស់លោក បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត លើកថា, សូមស្វាគមន៍ និងអបអរសាទរចំពោះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរបស់ ក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (Meko Intelligence Cambodia) ដែលបានធ្វើការវិនិយោគនៅកម្ពុជា ជាមួយនឹងដើមទុនសរុបប្រមាណ ៣២ លានដុល្លារអាមេរិក។ បន្ថែមលើរោងចក្រ-សហគ្រាសចំនួនជាង ២០០ ក្នុងទូទាំងខេត្ត រោងចក្រដ៏ថ្មីសន្លាងនេះនឹងជួយជំរុញនូវសក្តានុពលរបស់ខេត្តតាកែវក្នុងការស្រូបយកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា ឧស្សាហកម្មគ្រឿងអេឡិចត្រូនិក ជាដើម។ រោងចក្រទាំងអស់នេះ បាននិងកំពុងបង្កើតការងារជូនដល់កម្មករ-និយោជិតចំនួនជិតប្រមាណ ៧ ម៉ឺននាក់ និងមានប្រាក់ឈ្នួលសរុបប្រមាណ ២២៦ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយនេះគឺជាវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារ, ការបង្កើនប្រាក់ចំណូលដល់ប្រជាជនតាមមូលដ្ឋាន និងការចូលរួមក្នុងកិច្ចការសង្គមនានា។

លោកបណ្ឌិត មានប្រសាសន៍ថា, ជំនឿទុកចិត្តរបស់ក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន ក្នុងការសម្រេចចិត្តធ្វើការវិនិយោគនៅកម្ពុជានេះ គឺជាតឹកតាងមិនអាចប្រកែកបាននៃដំណើរទៅមុខប្រកបដោយក្តីសង្ឃឹមនៃការអភិវឌ្ឍ ក៏ដូចជាគុណតម្លៃនៃកត្តាសុខសន្តិភាព និងស្ថិរភាពនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។ ហើយនេះក៏ជាជោគជ័យមួយទៀតនៃការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងការប្រែក្លាយមូលដ្ឋានឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មបែបអតិពលកម្ម ទៅជាឧស្សាហកម្មដែលពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា។ ទន្ទឹមគ្នានេះ ជាមួយនឹងការដាក់ចេញនូវផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចកម្ពុជាកាលពីពេលថ្មីៗនេះ កម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ក្នុងការស្រូបយកឧស្សាហកម្មក្នុងវិស័យទាំងពីរនេះ ដូចជាករណីរោងចក្ររបស់ក្រុមហ៊ុន Meko Intelligence Cambodia នេះជាសក្ខីភាពស្រាប់ ដើម្បីប្រែក្លាយកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលផលិតយានយន្ត និងបរិក្ខារអេឡិចត្រូនិក។ ក្នុងន័យនេះ ក៏សូមអំពាវនាវវិនិយោគិន និងធុរជនទាំងក្នុង និងក្រៅស្រុក បន្តជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ ដោយនឹងទទួលបាននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញបំផុត តាមរយៈច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា, ជាទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការបង្កើតការងារ គឺមានកត្តាធំៗចំនួន ៣ ដែលត្រូវបន្តយកចិត្តទុកដាក់ រួមមានជាអាទិ៍៖

ទី១. កត្តាបរិមាណ គឺសំដៅទៅលើការបង្កើតឱកាសការងារឱ្យបានច្រើននៅទូទាំងប្រទេស ព្រមទាំងជំរុញឱ្យទៅដល់ថ្នាក់មូលដ្ឋាន តាមរយៈការលើកស្ទួយការវិនិយោគទៅតាមភាពអំណោយផលនៃទីតាំងភូមិសាស្ត្រនីមួយៗ។ ទន្ទឹមនឹងនេះ ក៏ត្រូវធ្វើការគិតគូរបង្កើត និងពង្រីកឱ្យមានឱកាសការងារនៅក្រៅប្រទេសផងដែរ។

ទី២. កត្តាគុណភាព ដែលសំដៅទៅលើប្រភេទនៃការវិនិយោគ ឬការធ្វើអាជីវកម្មដែលមាន៖ i. យុទ្ធសាស្ត្រច្បាស់លាស់ និងភាពយូរអង្វែង, ii. ការផ្តល់ឱកាសដល់កម្មករ-និយោជិតទទួលបានបៀរវត្ស និងអត្ថប្រយោជន៍ល្អប្រសើរ ព្រមទាំងមានលទ្ធភាពបង្កើនសមត្ថភាព និងចំណេះដឹងកាន់តែខ្ពស់, iii. ការការពារសិទ្ធិ និងការយកចិត្តទុកដាក់លើសុខមាលភាពរបស់កម្មករ-និយោជិត, iv. ការយកចិត្តទុកដាក់ទៅលើបរិស្ថាន និងសហគមន៍ និង v. ការចូលរួមពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពការងារ តាមរយៈការនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗ។

ទី៣. កត្តាសមធម៌ សំដៅទៅលើការថែរក្សានូវសុខដុមនីយកម្មនៃទំនាក់ទំនងរវាងនិយោជក និង និយោជិត តាមរយៈការយកចិត្តទុកដាក់លើកការផ្តល់ និងការពារនូវសិទ្ធ អត្ថប្រយោជន៍ និងការទទួលខុសត្រូវរបស់ភាគីទាំងពីរក្នុងក្របខ័ណ្ឌច្បាប់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងធ្វើការផ្តល់នូវសមធម៌ជូននិយោជកតាមរយៈការផ្តល់ការលើកទឹកចិត្តនានា ការថែរក្សាស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច សន្តិសុខ សុវត្ថិភាព ដើម្បីបង្កលក្ខណៈឱ្យការវិនិយោគ ឬការធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជាអាចដំណើរការទៅមុខដោយងាយស្រួល មានប្រសិទ្ធភាព និងសុវត្ថិភាព។ រីឯសម្រាប់និយោជិតវិញ សមធម៌នឹងត្រូវបានផ្តល់ជូនតាមរយៈការបង្កើត និងការថែរក្សាឱកាសការងារ, ការគិតគូរអំពីកម្រិតជីវភាពតាមរយៈការដំឡើងប្រាក់បៀរវត្ស និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករ-និយោជិត, ការគាំពារសុខមាលភាព, សុវត្ថិភាពការងារ រួមទាំងសិទ្ធិស្របច្បាប់ផ្សេងៗទៀតរបស់កម្មករ-និយោជិត ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print