ខេត្តក្រចេះ៖ រថយន្តជាច្រើនគ្រឿងត្រូវបានមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង ដែលមានលោក ផូង ឃុនឡាយ ជានាយសង្កាត់ បានដាក់នៅមុខសង្កាត់ ចាំបើកប្រដេញរថយន្តដឹកឈើគ្រប់ប្រភេទ ដែលបើកហួសសង្កាត់រដ្ឋបាលព្រៃឈើមិនចូលបង់លុយ ។ ចំណែកពលរដ្ឋអះអាងថា ការដាក់តាំងរថយន្តនៅមុខសង្កាត់រដ្ឋបាលព្រៃឈើឆ្លូងនេះ គឺមើលទៅដូចជាកុងត្រូលជជុះ តែកុងត្រូលជជុះរបស់មេព្រៃឆ្លូងនេះ ជាកុងត្រូលស្របច្បាប់ ។
ពលរដ្ឋនៅស្រុកឆ្លូងបានបន្តថា ជារៀងរាល់យប់គឺមានរថយន្តជាច្រើនគ្រឿងបានដឹកជញ្ជូនឈើ ឆ្លងកាត់មុខសង្កាត់រដ្ឋបាលព្រៃឈើនេះ ហើយមិនដែលឃើញមានការចាប់បង្ក្រាប ពីក្រុមមន្ត្រីរដ្ឋបាលព្រៃឈើនោះទេ ។ ហើយពលរដ្ឋបានចោទមន្ត្រីរដ្ឋបាលព្រៃឈើទាំងនោះថា អាចជាប់ពាក់ព័ន្ធទទួលលុយកាក់ពីក្រុមឈ្មួញដឹកឈើទាំងនោះទើបមិនចាប់បង្ក្រាប ។ ពលរដ្ឋថា ពីមុខក្រុមឈ្មួញដឹកឈើតាមរថយន្តយីឌុបធំៗ តែបច្ចុប្បន្ននេះ គឺក្រុមឈ្មួញបានបង្វែររូបភាពដឹកឈើតាមរថយន្តសាំយ៉ុងកែច្នៃ តទ្រុង កែថែមកង ខុសពីលក្ខណៈទ្រង់ទ្រាយដើម ឬអ្នកខ្លះហៅថា រថយន្តសាំយ៉ុងយីឌុប ហើយក្នុងមួយរថយន្ត ក្រុមឈ្មួញអាចផ្ទុកឈើបានចាប់ពី១០ម៉ែត្រគីបឡើងទៅ ។
ឈ្មួញដឹកឈើតាមរថយន្តសាំយ៉ុងកែច្នៃ បាននិយាយថា ក្នុងមួយរថយន្តគាត់បានផ្ទុកឈើបានពី១០ទៅ១២ម៉ែត្រគីប ហើយឈើទាំងនេះជាប្រភេទឈើអារលេខ២ និងបានដឹកចេញពីចំនុចក្នុងឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ដោយឆ្លងកាត់ទីរួមខេត្តក្រចេះ និងស្រុកឆ្លូង ឆ្ពោះចូលទៅស្រុកដំបែរ ខេត្តត្បូងឃ្មុំ និងឈើមួយចំនួនទៀតគឺដឹកបង្ហួសទៅដល់ខេត្តព្រៃវែងតែម្តង ។
ឈ្មួញរូបនោះបានបន្តថា ក្នុងមួយជើងៗគាត់ដឹកមិនចំណេញនោះទេ ដោយសារតែគាត់បានបង់លុយទៅឱ្យសមត្ថកិច្ចគ្រប់ស្ថាប័ន្តទាំងអស់ បើមិនបង់នោះទេគឺសមត្ថកិច្ចមិនឱ្យគាត់ដឹក ហើយបើហ៊ានលួយដឹក ដោយមិនបានប្រាប់ឬមិនបានបង់លុយគឺក្រុមសមត្ថកិច្ចទាំងនោះ និងធ្វើការចាប់បង្ក្រាបជាក់ជាមិនខាន ។ ក្នុងនោះដែរឈ្មួញរូបនោះបានសង្កត់ធ្ងន់ថា សមត្ថកិច្ចដែលយកលុយច្រើនជាងគេ គឺមេព្រៃឆ្លូង ដោយក្នុងមួយរថយន្តសាំយ៉ុង គាត់ត្រូវបង់លុយទៅឱ្យលោក ផូង ឃុនឡាយ មានតួនាទីជានាយសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង ចំនួន១០ម៉ឺនរៀល បង់ទៅឱ្យលោក ថា រិទ្ឋ មានតួនាទីជានាយរងផ្នែករដ្ឋបាលព្រៃឈើឆ្លូងចំនួន១៥ម៉ឺនរៀល ដោយជាថ្នូរនិងការមិនចាប់បង្ក្រាប ។
ពាក់ព័ន្ធនិងករណីនេះ យើងបានព្យាយាមសុំការបកស្រាយ ពីនាយសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង លោក ផូង ឃុនឡាយ ប៉ុន្តែទូរស័ព្ទចុចចូលតែលោកមិនលើកទទួល ។
យ៉ាងណាក៏ដោយពលរដ្ឋរំពឹងថា អាជ្ញាធរខេត្ត ជាពិសេសជំនាញរដ្ឋបាលព្រៃឈើ ដែលមានលោក ទ្រី សុភ័ក្រ ជានាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ និងចាត់វិធានការ លើការដឹកជញ្ជូនឈើខុសច្បាប់គ្រប់ប្រភេទនៅក្នុងខេត្តក្រចេះឱ្យមានប្រសិទ្ធភាព ជាក់ជាមិនខាន ។ ហើយនាយខណ្ឌរូបនេះពិតជាមានវិធានការលើមន្ត្រីរបស់ខ្លួន ដែលកំពុងតែឃុបឃិតជាមួយក្រុមឈ្មួញ បង្កើតឱ្យមានបទល្មើសព្រៃឈើនៅក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង ៕
ដោយ៖ កោះទ្រុង