ខេត្តកណ្តាល៖ ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ-សមត្ថកិច្ចស្រុកល្វាឯមក្នុងការអន្តរាគមន៍ស្រង់យកទូកដចេញពីក្នុងទឹកទន្លេជាលទ្ធផលរកឃើញអស់ហើយម៉ូតូដែលលិចចូលក្នុងទន្លេរកឃើញនៅក្នុងឃ្លុបទូកដ ចំណែកជនរងគ្រោះដែលបាត់ខ្លួនក៏រាវរកឃើញដែរចំនួន២នាក់ មិនមែនដូចព័ត៌មានដំបូងថា មានអ្នកបាត់ខ្លួនចំនួន៤នាក់នោះឡើយ ។
ប្រតិបត្តិការរយៈពេល៤ថ្ងៃចាប់តាំងពីថ្ងៃកើតហេតុនៅរសៀលថ្ងៃទី៨ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងារបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីស្រង់ទូកដឡើងមកលើគោកវិញទើបរកឃើញសពក្មេងស្រីម្នាក់ និងម៉ូតូ៤គ្រឿង កប់នៅក្នុងឃ្លុបទូកដ ដោយឡែកសពបុរសចំណាក់ម្នាក់ត្រូវរាវរកឃើញនៅល្ងាចថ្ងៃកើតហេតុ ។
ផ្តើមចេញពីគ្រោះថ្នាក់លិចទូកដជាលើកទី១ ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ មហាជនបានលើកជាសំណូមពរថា នេះជាបទពិសោធន៍សម្រាប់អាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធគួរតែចាត់វិធានការទៅម្ចាស់អាជីវកម្មរកស៊ីទូកដត្រូវតែមានពោងសុវត្ថិភាពដាក់នៅលើឲ្យបានគ្រប់គ្នាដើម្បីការពារអាយុជីវិតអ្នកដំណើរ ៕
ដោយ៖ សណ្តោស