សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយមានការអញ្ជើញចូលរួមពី លោកទេសរដ្ឋមន្ត្រី លោក លោកស្រី​ ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន អង្គភាពក្រោមចំណុះ និងមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ព្រមទាំងក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត សរុបប្រមាណ ៧៥០នាក់រូប ពិធីនេះរៀបចំប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៉ីដង់ សុខាភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍កត់សម្គាល់ថា សភាពការណ៍សន្ដិសុខ និងសមិទ្ធផលធំៗ ដែលក្រសួងមហាផ្ទៃ ខិតខំសម្រេចបានក្នុងឆ្នាំ២០២២ ដូចជា ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ ក្រសួងមហាផ្ទៃ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្ដិភាព ស្ថិរភាពនយោបាយ ឯករាជ្យ ព្រមទាំងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទជាដើម។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានលើកឡើងថា នៅផ្ទៃក្នុងប្រទេសក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានមួយចំនួន បានបន្ដខិតខំរកនិតិវិធីបង្កឱ្យមានភាពចលាចល វឹកវរក្នុងសង្គម ដើម្បីបម្រើឧបាយកលនយោបាយផ្ដួលរលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តាមគោលការណ៍លទ្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម បានបន្តថា ព្រមជាមួយគ្នានេះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ បានការពារសុវត្ថិភាពបានទាំងស្រុងដល់អង្គព្រះមហាក្សត្រ និងសម្ដេចម៉ែ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងគណៈប្រតិភូអន្ដរជាតិនានា ដែលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងការពារសន្ដិសុខ នៃព្រឹត្តិការណ៍នានា ធ្វើឱ្យព្រឹត្តការណ៍ទាំងនោះប្រព្រឹត្តទៅប្រកបដោយសេរីត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់ផងដែរ។

នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ជូនសម្ដេចក្រឡាហោម ស ខេង និងអង្គសន្និបាត ថា ឆ្នាំ២០២២ គឺជាឆ្នាំទី៤ នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។

លោកនាយឧត្តមសេនីយ៍ បន្ដថា នាអំឡុងពេលមួយឆ្នាំនេះ បើទោះបី ស្ថានការណ៍សន្តិសុខក្នុងតំបន់ និងសកលលោក បន្តមានការវិវត្តប្រែប្រួលពិបាកប៉ាន់ស្មាន និងមានហានិភ័យខ្ពស់យ៉ាងណាក្តី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានពុះពារឆ្លងកាត់ដោយជោគជ័យនូវវិបត្តិ និងបញ្ហាប្រឈមទាំងនោះ ដោយបាននាំមកនូវសមិទ្ធផលធំធេងជូនប្រជាជាតិខ្មែរបន្ថែមទៀតផងដែរ។

លោកនាយឧត្តមសេនីយ៍ បន្ថែមថា សមិទ្ធផលជាក់ស្តែងគឺកិច្ចការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ដោយបានជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ លោកនាយឧត្តមសេនីយ៍ បានបន្ថែមថា កិច្ចការដ៏ជោគជ័យមួយទៀតគឺ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាក្នុងតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន។ លើសពីនេះ កម្ពុជាក៏សម្រេចបាននូវវឌ្ឍនភាពសង្គមគួរឱ្យកត់សម្គាល់ ដោយបានគ្រប់គ្រង និងឆ្លើយតបប្រកបដោយជោគជ័យនូវការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាមួយនឹងការបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ក៏បានឱ្យដឹងទៀតថា សមិទ្ធផលនយោបាយ សេដ្ឋកិច្ច សង្គម ដែលសម្រេចបានគួរជាទីមោទកៈខាងលើ បានឆ្លុះបញ្ចាំងឱ្យឃើញ ពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងមហាផ្ទៃ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យសម្រេចនូវសមិទ្ធផលទាំងនេះ តាមរយៈកិច្ចខិតខំអនុវត្តនូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន។

សម្រាប់ទិសដៅការងារឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានលើកឡើងថា គឺជាឆ្នាំទី៥ នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងជាឆ្នាំដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាផង ហើយក៏ជាឆ្នាំដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បម្រើឱ្យកម្មវិធីព្រឹត្តិការណ៍នយោបាយ និងវេទិកាទាំងនេះប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងជោគជ័យ ព្រមទាំងបន្តរក្សាបាននូវប្រក្រតីភាពនៃជីវភាពសង្គមគ្រប់វិស័យ មន្ត្រីរដ្ឋបាលស៊ីវិល កងកម្លាំង នគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ បានរួមគ្នាបន្តអនុវត្តនូវទិសដៅ និងយុទ្ធសាស្ត្រដែលបានដាក់ចេញជាបន្តបន្ទាប់ផងដែរ៕

...

ដោយ ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print