ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា៖ មេការជាងសំណង់ម្នាក់ បានរត់ឆោឡោផ្អេីលដល់អ្នកភូមិនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកត្រួតពិនិត្យ ខណៈដែលគាត់កំពុងជីករណ្តៅគ្រឹះបំណងសាងសង់ផ្ទះ ក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ៣០គ្រាប់។
របាយការណ៍ដដែលបន្តថា ករណីខាងលើនេះ បានកេីតឡេីងកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈម្សិលមិញ ស្ថិតនៅចំណុចក្រុមទី៧ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
សូមជម្រាបថា មេការជាងសំណង់ម្នាក់នេះមានឈ្មោះ សន គៀង ភេទប្រុស អាយុ២៣ឆ្នាំ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងមករាយការណ៍ជូនសមត្ថកិច្ចផ្នែកជំនាញសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងភ្លាមៗ។
ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញប្រភេទគ្រាប់ UXO ក្បាលគ្រាប់កាំភ្លើងទំហំ 37mm ចំនួន ៣០គ្រាប់ និងរំសេវ ចំនួន ៣គីឡូក្រាម និងបានចងខ្សែហ៊ុំព័ទ្ធ ដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក CMAC ដើម្បីយកទៅកំទេចចោល ។
ឆ្លៀតក្នុងឱកាសនោះ នគរបាលក្រុងបាត់ដំបងអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចចៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ ៕ដោយ៖សហការី