ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យកងកម្លាំងរក្សា សន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អក្នុងពេលកម្ពុជាធ្វើជា ម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឆ្នាំ ២០២៣នេះ កម្ពុជានឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដសំខាន់ៗ ដូចជា ព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ព្រឹត្តិការណ៍ បោះឆ្នោតជាដើម ដូច្នេះសម្ដេចបានឱ្យក្រសួងមហាផ្ទៃត្រូវខិតខំសហការជាមួយភាគីពាក់ព័ន្ធរក្សានូវសុខសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ និងចរារណ៍ឱ្យបានល្អប្រសើរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា ការយកឈ្នះលើ ជំងឺកូវីដ-១៩ និងឆ្លើយតបទាន់ពេលវេលាលើ គ្រោះមហន្តរាយនានា គឺជាលទ្ធផលបានមកពី កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ការផលិតគ្រឿងញៀន មានការកើនឡើងគួរឱ្យកត់សម្ភាល់ ដូច្នេះសម្ដេចតេជោឱ្យមានការពិនិត្យឡើងវិញចំពោះបញ្ហានេះ ពិសេសការផលិតគ្រឿងញៀនកែឆ្នៃ និងត្រួតពិនិត្យលើការចរាចរណ៍ចេញចូលលើបញ្ហាគ្រឿងញៀននេះ។ ជាមួយគ្នានេះសម្ដេចឱ្យគ្រប់គ្រងហត្ថពលកម្មបរទេសឱ្យបានល្អប្រសើរ និងឱ្យមានការចូលរួម ពី គ្រប់ភាគីពិសេសពលករបរទេស៕
ដោយ : សិលា