Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ និងឆ្នាំសិក្សា២០១៩-២០២០ សរុបចំនួន ៧,០២១នាក់ នារី ៣,៧០១នាក់។ គិតចាប់តាំងពីឆ្នាំ១៩៨០ មកទល់ឆ្នាំសិក្សា២០១៩-២០២០ និស្សិតបាន​បញ្ចប់ការសិក្សាសរុប ៥៤,៧០៦នាក់ (នារី ២០,៧៣៨នាក់)។ ក្នុងនោះមាននិស្សិត​អាហារូបករណ៍​សរុប ១៩,៧៨៦នាក់ (នារី ៦,១៦១នាក់) និងនិស្សិតជ័យលាភីអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរុប ៩៧នាក់ (នារី ៦៣ នាក់)។
ក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ និសិ្សតកំពុងសិក្សាសរុប ១៩,៨៦៤នាក់ (នារី ១១,២២៥ នាក់) ក្នុងនោះនិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរុប ២៤៩នាក់ (នារី ១៣៩នាក់)។

មុននឹងថ្លែងទៅកាន់និស្សិត នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅសល់តែ ៧០ថ្ងៃប៉ុណ្ណោះ នឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយ។ នៅព្រឹកនេះ សម្តេចតេជោបានសម្តែងការរីករាយជាមួយនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញទាំងអស់ដែលបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សម្តេចតេជោ បានចាត់ទុកនិស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែជាសាកលវិទ្យាល័យដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតបញ្ចប់ការសិក្សា ឱ្យបន្តសិក្សារៀនសូត្របន្ថែមទៀត។ សម្តេចតេជោបានមានប្រសាសន៍ថា ការមិនព្រមរៀន មិនព្រមស្វែងយល់ពីបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងារ នាពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីអប់រំ ជជែកជាមួយថ្នាក់ដឹកនាំនៃប្រទេសឡាវ ឱ្យផ្តល់ថ្លៃអាហារូបករណ៍ជូននិស្សិតជាប្រាក់ដុល្លារ ដើម្បីឆ្លើយតបការប្រែប្រួលអត្រាប្តូរប្រាក់។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសដំឡើងប្រាក់ឧបត្ថម្ភទៅកាន់បណ្ណាល័យ​របស់សម្តេចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ១០លានរៀលក្នុងមួយខែ ចាប់ពីខែមីនា ឆ្នាំ២០២៣។សម្ដេចតេជោបានបញ្ជាក់ថាបណ្ដាល័យនេះគឺជាឃ្លាំងចំណេះដឹងដ៏សំខាន់សម្រាប់សិស្សនិស្សិតដែលត្រូវការចំណេះដឹងផ្សេងៗជាពិសេសការសិក្សាស្រាវជ្រាវរបស់និស្សិតគ្រប់ៗរូប។

ទៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្រៀនលោក ស៊ន តារា ថា ស្រឡាញ់អ្នកដទៃបានបែបណា បើឪពុកម្តាយខ្លួនឯងមិនស្រឡាញ់ផងហ្នឹង? សម្តេចតេជោផ្តាំទៅលោក ស៊ន តារា កុំឱ្យភ្លេចកំណើត។ សម្ដេចតេជោបានផ្តាំទៅកុំឲ្យភ្លេចអ្នកមានគុណ។ សម្តេចតេជោ បញ្ជាក់ថា ពេលម្តាយរបស់សម្តេចដួលបាក់ឆ្អឹង គឺសម្តេច កំពុងនៅប្រទេសវៀតណាម។ សម្តេចតេជោ បញ្ជាក់ថា ម្តាយសម្តេចដួលបាក់ឆ្អឹងដោយសារតែគ្រាប់ផ្លោងថ្ងៃ៦-៧​ កក្កដា ១៩៩៧ មិនដូចការចោទប្រកាន់របស់ពួកប្រឆាំងថា សម្ដេចបានវៃធ្វើបាបម្ដាយនោះទេ។

...

មុននឹងបញ្ចប់ សម្ដេចតេជោក៏បានជូនពរ និងអបអរសាទរនិស្សិតជ័យលាភីទាំងអស់ឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យក្នុងការសិក្សា និងក្នុងការងារជាបន្តបន្ទាប់ទៀតនាពេលខាងមុខ៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print