ភ្នំពេញ ៖ នាវេលាម៉ោង ១៣និង៤០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយបានឆាបឆេះអគារខុនដូរ ECC-EASTVIEW មួយន្លែងយ៉ាងសន្ធោសន្ធៅ ដែលស្ថិតនៅក្បែរមជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា ជាប់មហាវិថីផ្លូវព្រះនរោត្តម ក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបណ្តាលឲ្យរងការខូចខាតសម្ភារៈមួយចំនួនធំ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណីអគ្គិភ័យឆេះអគារខុនដូរខាងលេី លោកបានបញ្ជាកម្លាំងជំនាញចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ ហើយពន្លត់ទាន់ពេលវេលាមិនឲ្យឆេះរាលដល់អគារនៅក្បែរនោះឡើយ។
លោកវរសេនីយ៍ឯក បានបន្តថា ដោយនៅក្នុងប្រតិបត្តិការសង្គ្រោះកម្លាំងជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១២គ្រឿង ប្រេីប្រាស់ទឹកអស់ទឹកចំនួន ០២ឡាន ស្មេីរនឹង ០៨ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង មិនបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ៦ម៉ែត្រគូប។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្ថែមថា ចំពោះគ្រោះអគ្គិភ័យខាងលេីនេះ បានឆេះបន្ទប់លេខC1508 ជាន់ទី១៥ បណ្តាលឲ្យខូចខាតសម្ភារៈបន្តិចបន្តួច ក្នុងនោះជាប្រភេទ អគារខុនដូរកម្ពស់ ៣៨ជាន់ ដែលមានទំហំបន្ទប់ ១០៥ម៉ែត្រការ៉េ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ខណៈករណីអគ្គិភ័យនេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសផងដែរ ៕ដោយ ៖ ភារ៉ា ដង្កោ