ខេត្តកណ្តាល៖ បុរសម្នាក់បានប្រើល្បិចខ្ចីម៉ូតូអ្នកស្គាល់ជិះយកទៅបញ្ចាំស៊ីចាយអស់ត្រឡប់មកវិញត្រូវម្ចាស់ម៉ូតូចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុន ហេង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ គួកជេដី មានទីលំនៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។ ចំណែកឯជនរងគ្រោះឈ្មោះ យាន សុភាព ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អង្គរក្ស មានទីលំនៅភូមិមេសប្រចាន់ ឃុំមេប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1CR-1974 ។
ប្រភពដដែលបានបន្តថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ជនសង្ស័យបានហៅជនរងគ្រោះដែលជាអ្នកស្គាល់គ្នាឲ្យជិះម៉ូតូជូនពីភ្នំពេញឆ្ពោះ ទៅឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ។ ពេលទៅដល់ជនសង្ស័យបានប្រើល្បិចសុំខ្ចីម៉ូតូជនរងគ្រោះទុកជិះទៅមើលដី បន្ទាប់ពីបានម៉ូតូជនសង្ស័យបានជិះយកទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវ បានប្រាក់៦០០ដុល្លារសហរដ្ឋអាមេរិក ។
ប្រភពដដែលបានបន្តថា ក្រោយពីស៊ីចាយលុយអស់ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ជនសង្ស័យបានត្រឡប់ទៅស្រុកខ្សាច់កណ្តាលវិញ ក៏ត្រូវបានជនរងគ្រោះជាម្ចាស់ម៉ូតូចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ