ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យគ្រប់តួអង្គពាក់ព័ន្ធរួមគ្នាពង្រឹងវិស័យទេសចរណ៍ ដោយធ្វើយ៉ាងណាឱ្យទេសចរមកហើយចង់មកម្តងទៀត ព្រមទាំងនាំក្រុមគ្រួសារមកជាមួយផង។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងត្រូវរួមគ្នាដើម្បីពង្រឹងវិស័យទេសចរណ៍ ធ្វើយ៉ាងណាកុំឱ្យទេសចរដែលមកទស្សនាកម្ពុជាយើង និយាយមិនល្អពីសេវាកម្មរបស់យើង ធ្វើយ៉ាងណាឱ្យគេមកទស្សនាម្តងហើយម្តងទៀត ដែលនេះជាផលប្រយោជន៍សម្រាប់យើងទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យពលរដ្ឋកម្ពុជាទាំងអស់ត្រូវរួមគ្នាធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដែលទាក់ទាញភ្ញៀវទេសចរមកកម្សាន្តលេងម្តងហើយ ម្តងទៀត តាមរយៈការរៀបចំបដិសណ្ឋារកិច្ចល្អ រក្សាសុវត្ថិភាព និងការរៀបចំឱ្យមានភាពអនាម័យ។
សម្តេចថា មិនទៅចាំបាច់ផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជាតាមរយៈ CNN ឬតាម BCC នោះទេ ពោលផ្សព្វផ្សាយទៅតាមតែភ្ញៀវទេសចរបរទេសដែលអញ្ជើញមកទស្សនានៅកម្ពុជាក៏ជួយទាក់ទាញភ្ញៀវទេសដទៃទៀតមកកម្ពុជាផងដែរ។
សម្តេចថ្លែងថា កម្ពុជាត្រូវធ្វើយ៉ាងម៉េចបម្រើឱ្យភ្ញៀវទេសចរអន្តរជាតិឱ្យបានល្អ ដើម្បីឱ្យពួកគេចង់វិលត្រឡប់មកលេងកម្ពុជាម្តងទៀត ហើយព្រមទាំងនាំក្រុមគ្រួសារមកទស្សនានៅកម្ពុជាផងដែរ។ ក្នុងន័យនេះសម្តេចសំដៅឱ្យពលរដ្ឋកម្ពុជាទាំងអស់ មិនត្រូវធ្វើឱ្យភ្ញៀវទេសចរពេលមកលេងកម្ពុជាហើយលែងចង់មកកម្ពុជាតទៀតដោយសារជួបបញ្ហាសេវាកម្ម និងបញ្ហាផ្សេងៗ។
សម្តេចថ្លែងថា៖ «យើងទទួលទេសចរមក ដោយស្អាត ធ្វើបដិសណ្ឋារកិច្ចល្អ យើងមានសន្តិសុខ មានអនាម័យ មានកន្លែងទាក់ទាញដែលពួកគាត់ត្រូវទៅមើល អ៊ីចឹងទេសចរមកហើយ ចង់មកទៀត ធ្វើម៉េចកុំឱ្យទេសចររបស់យើងមកដល់កម្ពុជាហើយ ត្រឡប់ទៅវិញ (ប្រាប់គេថា) កុំមកកម្ពុជាអី អញទៅហើយពិបាកវេទនាណាស់»។
សម្តេចបានណែនាំបែបនេះក្នុងពេលសម្តេចធ្វើជាអធិបតីក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ច ល្អម្ចាស់ផ្ទះកម្ពុជាមកដល់ភាពកក់ក្ដៅ និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣» នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣៕
ដោយ : សិលា