យោងតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ អ៊ុយក្រែនមានពេលរហូតដល់រដូវស្លឹកឈើជ្រុះដើម្បីដណ្តើមយកទឹកដីដែលបច្ចុប្បន្នគ្រប់គ្រងដោយរុស្ស៊ីមកវិញ បើមិនដូច្នេះទេលោកខាងលិចនឹងដាក់សម្ពាធលើទីក្រុងគៀវឱ្យមកអង្គុយតុចរចាជាមួយទីក្រុងមូស្គូ។
កាសែតអាល្លឺម៉ង់ Bild នៅថ្ងៃទី ២៨ ខែកុម្ភៈបានរាយការណ៍ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះនៅទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៊ែរឡាំងថា បណ្តាប្រទេសលោកខាងលិចដែលគាំទ្រអ៊ុយក្រែនកំពុងពិចារណាដាក់ “ឱសានវាទ” ជាមួយទីក្រុងគៀវទាក់ទងនឹងការចរចាដ៏មានសក្តានុពលជាមួយទីក្រុងមូស្គូ។
តាមនោះ ជាមួយនឹងការផ្គត់ផ្គង់អាវុធថ្មី អាមេរិកនិងសម្ព័ន្ធមិត្តចង់ផ្តល់ “ការលើកទឹកចិត្ត” ដល់អ៊ុយក្រែន ដើម្បីព្យាយាមដណ្តើមយកទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីមកវិញ។ ក្រៅពីនេះលោកខាងលិចចង់ឃើញលទ្ធផលនេះនៅរដូវស្លឹកឈើជ្រុះ។
កាសែត Bild បានសរសេរថា “ប្រសិនបើការវាយលុករបស់អ៊ុយក្រែនបរាជ័យ សម្ពាធលើទីក្រុង Kiev ដើម្បីចរចាជាមួយវិមានក្រឹមឡាំងនឹងកើនឡើង” ។
មុននេះ កាសែត Wall Street Journal បានផ្សាយថា អង់គ្លេស បារាំង និងអាល្លឺម៉ង់ ត្រូវបានគេជឿថា បានផ្គត់ផ្គង់ដល់អ៊ុយក្រែននូវអាវុធ និងការប្តេជ្ញាចិត្តផ្នែកសន្តិសុខ ក្រោមផែនការជំរុញទីក្រុងកៀវឱ្យចរចាជាមួយទីក្រុងមូស្គូ។
កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានផ្សាយថា ទីក្រុងឡុងដ៍ ប៊ែរឡាំង និងប៉ារីស ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន ទោះបីជាប្រទេសនេះមិនមែនជាសមាជិករបស់អង្គការណាតូក៏ដោយ។
ទោះជាយ៉ាងណា យោងតាមកាសែត Bild លក្ខខណ្ឌសម្រាប់អ៊ុយក្រែននឹងមិនងាយស្រួលនោះទេ។ លោក Norbert Roettgen អតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាល្លឺម៉ង់បាននិយាយថា “អឺរ៉ុប និងសហរដ្ឋអាមេរិកមិនអាចផ្តល់ឱ្យអ៊ុយក្រែននូវការធានាសន្តិសុខដ៏តឹងតែងដូចគ្នាដែលត្រូវបានផ្តល់ជូនដល់សមាជិកណាតូនៅពេលនេះទេ” ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz ក៏បានលើកទឹកចិត្តប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ឱ្យចូលពិភាក្សាជាមួយរុស្ស៊ី៕ ដោយធីរីណា
រូបថត : VOV.VN