សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានស្ថាប័នចារកម្មសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក LAU Peet Meng ប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។

លោក LAU បានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានមកកាន់កម្ពុជាកាលពីឆ្នាំ២០២០ ហើយពេលនេះ ឯកឧត្តម ឃើញមានការរីកចម្រើនយ៉ាងខ្លាំង ជាមួយសុខសន្តិភាព និងស្ថិរភាព ។

លោក LAU បានគោរពសម្ដែងការអបអរសាទរជូនដល់សម្ដេចតេជោ ដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានជោគជ័យ ជាពិសេស ពេលដែលពិភពលោក កំពុងជួបប្រឈមនិងបញ្ហាជំងឺកូវីដ១៩ , បញ្ហានៅប្រទេសមីយ៉ាម៉ា, បញ្ហានៅប្រទេសអ៊ុយក្រែន និងបញ្ហានៅសមុទ្រចិនខាងត្បូង។ល។

លោក LAU បានបន្ថែមថា សម្ដេចតេជោ មិនត្រឹមតែបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានជោគជ័យទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជួយរកសន្តិភាពសម្រាប់តំបន់ និងពិភពលោកផងដែរ។ ក្នុងឱកាសនោះដែរ លោកបានគោរពសុំអនុសាសន៍ពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែខ្លាំងឡើង ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក LAU ដែលបានវាយតម្លៃលើវឌ្ឍនភាពរបស់កម្ពុជា និងវឌ្ឍនភាពលើកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្ដេចតេជោបានមានប្រសាសន៍ថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺបានមកពីការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ សម្ដេចតេជោ បានថ្លែងអំណរគុណសិង្ហបុរីផងដែរ ដែលបានចូលរួមធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានជោគជ័យ។

...

លើសពីនោះទៀត សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ដល់លោក LAU ដោយសូមឲ្យសិង្ហបុរី លើកទឹកចិត្ត ជំរុញការតភ្ជាប់ ជាពិសេសការតភ្ជាប់តាមផ្លូវអាកាស ដោយជំរុញឱ្យទេសចរណ៍ដែលមកដល់សិង្ហបុរី ហើយបានបន្តមកដល់កម្ពុជាផង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចសហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផងដែរ ៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print