ខេត្តបាត់ដំបង៖ ពលរដ្ឋក្នុងខេត្តបាត់ដំបងកំពុងជជែក គ្នាដោយព្រួយបារម្ភពីសុវត្តិភាព ខណៈក្រុមចោរលួចគោក្របីប្រើសុទ្ធតែរថយន្ដធុនធំធ្វើសកម្មភាព។ ពួក គាត់បានចោទសួរគ្នាថាចោលលួចដឹកគោក្របីសុទ្ធតែប្រើរថយន្តធុនធំតើសមត្ថកិច្ចមិនឃើញទេឬ? វាមិនដូចជួញដូរគ្រឿងញៀននោះទេ។
ក្រុមអ្នកភូមិបាននិយាយថា ពួកចោរបានប្រើរថយន្តធុនធំបានធ្វើសកម្មភាពលួចគោអ្នកស្រុកជាបន្តបន្ទាប់ក្នុងខេត្តបាត់ដំបងកន្លងមកគេសង្កេតឃើញថា សមត្ថកិច្ចនៅមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ ខណៈសកម្មភាពចុងក្រោយរបស់ពួកគេបានធ្វើសកម្មលួចគោពលរដ្ឋនៅក្នុងស្រុកបវេលអស់០៦ក្បាលកាលពីសប្តាហ៍មុន។ សមត្ថកិច្ចនៅខេត្តបាត់ដំបងត្រូវបានប្រជាពលរដ្ឋនិយាយថា ដុតដៃដុតជើងស្ទើរខ្លោចអស់ហើយដើម្បីតាមចាប់ចោរប្រើរថយន្តធុនធំដឹកគោទាំងនោះប៉ុន្តែនៅ តែមិនទាន់អាចចាប់បាន។
បើទោះបីជាប្រជាពលរដ្ឋមានការព្រួយបារម្ភ បន្ទាប់ពីមានសកម្មភាពលួចគោទ្រង់ទ្រាយធំហើយសមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាណាមួយនៅឡើយទេ រហូត មកដល់ពេលនេះ។ ម្យ៉ាងទៀតប្រជាពលរដ្ឋព្រួយបារម្ភថា សមត្ថកិច្ចអាចនឹងចោទប្រជាពលរដ្ឋថាប្រឌិតរឿងករណីចោរប្រើរថយន្តធុនធំដឹកគោទាំងហ្វូងចេញពីសហគមន៍របស់ពួកគាត់ ហើយទីបំផុតពួកគាត់ក្លាយ ទៅជាអ្នកទោសរបស់សមត្ថកិច្ចខេត្តបាត់ដំបងនៃយើងទៅវិញ។
គួររំលឹកផងដែរថា កាលពីមួយឆ្នាំមុនក្រុមចោរបានធ្វើសកម្មភាពលួចសត្វក្របីធំៗរបស់ពលរដ្ឋអស់៤ក្បាលនៅភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ និងស្រុកកំរៀងអស់០៣ក្បាល និងស្រុកភ្នំព្រឹក អស់ជាច្រើនក្បាល ហើយបានបំពុលសត្វសុនខងាប់ជាច្រើនក្បាលផងដែរ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចអំពីសកម្ម ភាពក្រុមចោរដដែលខាងលើនេះបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ វេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ជនមិនស្គាល់អត្តសញ្ញាណមួយក្រុមមានទាំងរថយន្តផងបានមកធ្វើសកម្មភាពនៅចំណុចភូមិអន្លក់រាំង ឃុំឃ្លាំងមាស ស្រុកបវេល ដោយបានបំពុលសត្វសុនខងាប់៤ក្បាល រួចនាំគ្នាចូលលួចយកគោមេធំៗពីក្នុងក្រោលអស់៦ក្បាល។
ម្ចាស់គោឈ្មោះ ហូន ចេម ហៅ ចូច ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅចំណុចកើតហេតុបានប្រាប់សមត្ថកិច្ចថា ហ្វូងគោរបស់គាត់ទាំងអស់បានចងនៅក្នុងក្រោលដែលនៅក្បែរផ្ទះហើយផ្ទះគាត់មានចិញ្ចឹមឆ្កែជាច្រើនក្បាលទៀតផងដែលក្រុមចោរបានដាក់ថ្នាំបំពុលជាមួយសាច់មាន់បោះឲ្យឆ្កែស៊ីពុលងាប់ទើបក្រុមចោរបានឱកាសចូលដឹកគោមេធំៗចេញពីក្នុងក្រោលអស់៦ក្បាល ខណៈក្រុមគ្រួសារគាត់កំពុងសម្រាកលង់លក់នៅក្នុងផ្ទះតែព្រឹកឡើងគាត់ឃើញមេគោមួយក្បាលរួចមកវិញទំនងមេគោ១នេះដេញឡើងឡានមិនព្រមឡើងក៏បានរត់មកក្រោលវិញតែម្តង ។
បើតាមសមត្ថកិច្ចដែលបានស្រាវជ្រាវក្នុងករណីចុង ក្រោយនេះបានបង្ហើបឲ្យដឹងនៅថ្ងៃទី០១ ខែមីនា នេះថា ករណីទាំងអស់នេះផ្តើមមានតម្រុយខ្លះៗហើយតាមរយៈប្រជាពលរដ្ឋដែលបានកំណត់ជាសាក្សីបានមួយចំនួនបានប្រទះឃើញរថយន្តក្រុមជនសង្ស័យនេះនៅពាក់កណ្ដាលអធ្រាត្រ មុនពេលកើតហេតុត្រង់ចំណុចកើតហេតុ ស្ថិតនៅក្បែរព្រំប្រទល់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្រុមនេះបានប្រើប្រាស់រថយន្តកង់០៦ជាប្រភេទរថយន្តចំណុះ១.៥តោន(រថយន្តកូរ៉េ)។
បើតាមការផ្ដល់ព័ត៌មាន ក្រុមជនសង្ស័យទំនងអាចចេញពីប្រភពនៅទឹកដីប៉ៃលិនតែម្តង។ ពេលនេះសមត្ថកិច្ចជំនាញខេត្តបាត់ដំបងកំពុងសហការជាមួយកម្លាំងជំនាញនៃអធិការស្រុកសាលាក្ក្រៅដើម្បីស្រាវជ្រាវគ្រប់ទីកន្លែងស្វែងរកមុខសញ្ញាទាំងនេះមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕ ដោយ៖ សូរិយា