បើទោះបីចិនបានបញ្ជាក់អះអាងថា កម្លាំងទាហ៊ានរបស់ខ្លួនជាប់លេខ១ នៅក្នុងទ្វីបអាស៊ីចំណែកភាគីអាមេរិកបាន អះអាងថា តំណែងលេខ១គឺបានទៅលើទាហ៊ានជប៉ុនមិនមែនជារបស់ចិននោះឡើយ ។ អ្នកឯកទេសអំពីកម្លាំង យោធាដ៏ល្បីល្បាញមួយរូបបានបញ្ជាក់ថា មិនត្រូវវាយតម្លៃទាបពីកម្លាំងទាហ៊ានជប៉ុននោះឡើយ ។
អំពីតួលេខទាហានជប៉ុនមានតិចជាងទាហានចិនយ៉ាងច្រើនគឺស្មើ១ ភាគ១០នឹងទាហ៊ានចិនឯណោះចំណែក យន្ដហោះចម្បាំងជប៉ុនក៏មានតិចជាងដល់ទៅ១ភាគ៥។
ប៉ុន្ដែអំពីលទ្ធភាពនិងសមត្ថភាពក៏ដូចជាបច្ចេកវិជ្ជានៅក្នុងសម័យកាលទំនើបកម្មជប៉ុនបាននាំមុខយ៉ាងឆ្ងាយលើប្រទេសចិន ។ ប្រសិនបើមានការប៉ះទង្គិចគ្នានៅលើដែនសមុទ្រជុំវិញប្រជុំកោះដែលមានវិវាទកម្លាំងទាហ៊ានជើងទឹកជប៉ុនទោះមានតិចតែមានប្រៀបជាងទាហ៊ានចិនដោយអាចយកឈ្នះបានយ៉ាងងាយស្រួល ។
ចំណុចមួយទៀតដែលធ្វើឲ្យទាហ៊ានជប៉ុនកាន់តែមានជំនឿចិត្ដនោះប្រសិនបើមានការប៉ះទង្គិចណាមួយអាមេរិក ប្រាកដជាឈរគាំទ្រភាគីជប៉ុនតាមកិច្ចព្រមព្រៀង ។ ប៉ុន្មានឆ្នាំកន្លងមកនេះចិនបានខិតខំពង្រឹងកម្លាំងសព្វាវុធក៏ដូចជាយោធាដើម្បីស័ក្ដិសមទៅជាប្រទេសមហាអំណាចនៅក្នុងតំបន់ ។ ចំណែកអាមេរិកបានបញ្ជាក់ថា ចិនមិនទាន់ មានសព្វាវុធទំនើបៗដែលអាចតាមទាន់អាមេរិកនោះឡើយគឺចិនតែងតែដើរក្រោយអាមេរិកជានិច្ចទាក់ទិននឹងកម្លាំងយោធា ។
សារព័ត៌មាន Breaking Defence បានដកស្រង់សម្ដីអ្នកឯកទេសវិភាគ Larry M. Wortzel បញ្ជាក់ថា កម្លាំងការពារជាប៉ុនបច្ចុប្បន្នមានកម្លាំងទាហ៊ានអាកាស និងកម្លាំងទាហ៊ានជើងទឹកខ្លាំងលំដាប់លេខ១នៅទ្វីបអាស៊ី ។ ចំណែកចិនត្រឹមតែលំដាប់ទី២ ប៉ុណ្ណោះ។
កម្លាំងទាហ៊ានអាកាសជប៉ុនមានយន្ដហោះទំនើបៗលំដាប់ពិភពលោករាប់រយគ្រឿង ។ បច្ចុប្បន្នជប៉ុនមានយន្ដហោះចម្បាំងវាយលុកប្រភេទ F-15J ត្រូវបានគេឲ្យតម្លៃថា ជាយន្ដហោះវាយលុកជំនាន់ទី៤កន្លះល្អបំផុតលើពិភពលោក ។ ក្រៅពីនេះជប៉ុនក៏មានយន្ដហោះចម្បាំងពីអាមេរិកជាច្រើនក្នុងនោះមានទាំងយន្ដហោះចម្បាំង F-15 ថែមទៀតផង ។
ប៉ុន្ដែបើអំពីតួលេខវិញចិនមានច្រើនជាងជប៉ុនដល់ទៅ១០ដងបើសង្គ្រាមកើតឡើងក៏ពិបាកសន្និដ្ឋានថា ភាគីណាមួយឈ្នះ ឬចាញ់នោះដែរ ។ ប៉ុន្ដែជប៉ុនមានអាមេរិកដែលមានទាហ៊ាននិងសព្វាវុធទំនើបៗជាច្រើនឈរជើងក្នុងប្រទេសជប៉ុនជាកម្លាំងដ៏សំខាន់ជួយពីក្រោយក្នុងការយកឈ្នះលើសង្គ្រាមនោះ ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀតសភាជប៉ុនបានយល់ព្រមទៅលើយុទ្ធសាស្ដ្រការពារជាតិថ្មីមួយនិងបង្កើនប្រាក់ចំណាយទៅលើវិស័យនេះដែលជាសកម្មភាពមួយត្រូវគេឃើញយ៉ាងទូលំទូលាយថាសំដៅទៅលើប្រទេសចិន ។
ក្នុងអំឡុងពេល៥ឆ្នាំខាងមុខនេះជប៉ុននឹងចំណាយប្រាក់ដើម្បីពង្រឹងលើឥទ្ធិពលយោធាបន្ថែមទៀតក្នុងនោះមានការ ទិញយន្ដហោះគ្មានមនុស្សបើកបរ, ទិញយន្ដហោះចម្បាំងបំបាំងកាយ និងរថក្រោះដែលអាចបើកក្នុងទឹកបានផងដែរ។ កម្លាំងយោធានឹងបង្កើតបន្ទាយកងទ័ពជើងទឹកថ្មីមួយហើយកងកម្លាំងរថក្រោះបើកក្រោមទឹកនោះមានសមត្ថភាពវាយដណ្ដើមគ្រប់គ្រងដែនកោះពីសត្រូវត្រឡប់មកវិញ ។
គម្រោងការរបស់ជប៉ុននាពេលនេះកើតឡើងក៏ដោយសារតែការអះអាងជាបន្ដបន្ទាប់របស់ចិននៅក្នុងការគ្រប់គ្រងដែនអធិបតេយ្យរបស់ជប៉ុនព្រមទាំងសកម្មភាពបង្កើនប្រាក់ចំណាយទៅលើវិស័យការពារជាតិរបស់ចិន ។
សេចក្ដីព្រាងស្ដីអំពីសន្ដិសុខជាតិជប៉ុនបានលើកឡើងថា «គោលជំហររបស់ប្រទេសចិនទៅលើបណ្ដាប្រទេសដទៃ និងការអភិវឌ្ឍវិស័យយោធាទាំងពីរនេះវាខ្វះតម្លាភាពគ្នាតាមវិស័យយោធានិងនយោបាយសន្ដិសុខជាតិដូច្នេះហើយជាក្ដីកង្វល់ចំពោះជប៉ុនក៏ដូចជាសហគមន៍អន្ដរជាតិដែលតម្រូវឲ្យយើងតាមដាននិងពិនិត្យមើលឲ្យបានម៉ត់ចត់» ។
រដ្ឋាភិបាលជប៉ុនបានកាត់បន្ថយចំណាយទៅលើវិស័យការពារជាតិរាប់ទសវត្សរ៍កន្លងមកហើយ ប៉ុន្ដែបានបង្កើនប្រាក់ចំណាយរបស់ខ្លួនវិញលើកដំបូងនៅក្នុងខែមករាឆ្នាំ២០១៣ ។ នាយករដ្ឋមន្ដ្រី ស៊ីនហ្សូ អាបេ ដែលទើបជាប់ឆ្នោតជាងមួយឆ្នាំកន្លងមកនោះបានអំពាវនាវកម្លាំងយោធាឲ្យមានសិទ្ធិអនុវត្ដផែនការការពារជាតិភ្លាមៗ។ លោក អាបេ ក៏បានបង្កើតក្រុមប្រឹក្សាសន្ដិសុខជាតិដើម្បីត្រួតពិនិត្យនិងដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។
លោក អាបេ បានមានប្រសាសន៍ថា ការព្រមព្រៀងទៅលើយុទ្ធសាស្ដ្រសន្ដិសុខជាតិនេះធ្វើឲ្យនយោបាយសន្ដិសុខ និងនយោបាយការបរទេសរបស់ជប៉ុនមានភាពច្បាស់លាស់និងតម្លាភាពសម្រាប់ប្រជាពលរដ្ឋជប៉ុនក៏ដូចពិភព លោកទាំងមូលបានមើលឃើញ ។
ការចំណាយប្រាក់រយៈពេល៥ឆ្នាំទៅលើវិស័យការពារជាតិមានសរុប ២៣២ពាន់ពាន់លានដុល្លារ។ គម្រោងរបស់ ជប៉ុនទៅលើវិស័យយោធានេះធ្វើឡើងបន្ទាប់ពីចិនបានប្រកាសតំបន់ការពារដែនអាកាសថ្មី ADIZ ស្ថិតនៅតំបន់ សមុទ្រចិនខាងកើត ដោយក្នុងនោះមានរួមបញ្ចូលដែនអាកាសប្រជុំកោះរបស់ជប៉ុនផងដែរ ។
ចិនបានបញ្ជាក់ថា រាល់ការហោះហើរឆ្លងកាត់តំបន់ការពារដែនអាកាសថ្មីរបស់ខ្លួននោះត្រូវតែជូនដំណឹងឲ្យចិនបានដឹងជាមុនសិនបើពុំដូច្នោះទេអាចប្រឈមនឹងគ្រោះថ្នាក់ជាក់ជាពុំខាន ។ ជប៉ុន អាមេរិក និងកូរ៉េខាងត្បូង ដែលពាក់ព័ន្ធបានរិះគន់យ៉ាងខ្លាំងដល់ចិនលើការបង្កើតតំបន់ការពារដែនអាកាសថ្មីនោះ ។ អាមេរិកបានហៅថា ជាការប៉ុនប៉ងបង្កើតឲ្យមានការផ្លាស់ប្ដូរនៅក្នុងតំបន់យ៉ាងពិតប្រាកដ ។
ចិនបានរិះគន់ទៅលើគោលនយោបាយរបស់បរទេស ហើយបាននិយាយថា ខ្លួនកំពុងតែតាមដានពិនិត្យមើលយ៉ាង យកចិត្ដទុកដាក់ទៅលើទិសដៅដឹកនាំនយោបាយនិងយុទ្ធសាស្ដ្រសន្ដិសុខរបស់ជប៉ុន ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហុង ឡេយ បានមានប្រសាសន៍ថា «ជប៉ុនរិះគន់មិនសមទំនងទាល់តែ សោះចំពោះសកម្មភាពធម្មតារបស់កម្លាំងទាហ៊ានជើងទឹកចិន និងបានបំភ្លៃការពិតថា ចិនគំរាមកំហែងដើម្បីបិទបាំងមហិច្ឆតានយោបាយរបស់ខ្លួន»។ ជប៉ុនបានឈរលំដាប់ទី៥ នៅទូទាំងពិភពលោកដែលចំណាយប្រាក់ទៅលើវិស័យយោធា រីឯប្រទេសចិនឈរលំដាប់ទី២ បន្ទាប់ពីអាមេរិកដែលឈរនៅលំដាប់ទី១ ៕
ប្រែសម្រួល៖ ម៉ែវ សាធី