ប្រធានាធិបតីទើបតែជាប់ឆ្មោតហ្វីលីពីន អាចប្រឈមនិងការក្រោកឈរឡើងប្រឆាំងពីពលរដ្ឋក្រោយពេលដែល ប្រធានាធិបតីហ្វីលីពីនជិតចប់អាណាត្តិ ដែលត្រូវចប់អាណត្តិនឹងត្រូវធ្វើការផ្ទេរតំណែងទៅឲ្យប្រធានាធិបតីថ្មី គឺលោក រ៉ូឌ្រីហ្គោ ឌុយទែតេ ។ ក៏ប៉ុន្តែ កាលពីថ្ងៃទី១២ ខែមិថុនា លោក អាគីណូ បានធ្វើការអំពាវនាវឲ្យប្រជាជនហ្វីលីពីនទាំងអស់ក្រោកឈរឡើងដើម្បីការពារសិទ្ធិសេរីភាពតទល់នឹងលោកប្រធានាធិបតីថ្មី ដែលជាមនុស្សផ្តាច់ការនិងនិយមអំពើហិង្សាកាប់សម្លាប់។
នៅថ្ងៃទី៣០ ខែមិថុនា ខាងមុខគឺជាថ្ងៃដែលលោក បេនីកណូ អាគីណូ ត្រូវផ្ទេរតំណែងប្រធានាធិបតីហ្វីលីពីនទៅឲ្យលោក រ៉ូឌ្រីហ្គោ ឌុយទែតេ ។ លោករ៉ូឌ្រីហ្គោ ឌុយទែតេ បានឈ្នះការបោះឆ្នោតយ៉ាងសន្ធឹកសន្ធាប់កាលពីដើមខែឧសភា ដោយសារតែបានសន្យាថា និងចំណាយពេលតែ៦ខែប៉ុណ្ណោះដើម្បីកំចាត់អំពើឧក្រិដ្ឋកម្មព្រមទាំងសម្លាប់ពួកជនទុច្ចរិតឲ្យអស់ពីហ្វីលីពីន។
ប៉ុន្តែសម្រាប់លោក អាគីណូ ប្រធានាធិបតីចប់អាណត្តិ លោកឌុយទែតេ គឺជាមនុស្សហិង្សាផ្តាច់ការដែលនឹងធ្វើឲ្យហ្វីលីពីនជួបគ្រោះថ្នាក់។ នៅថ្ងៃនេះលោក អាគីណូ បានអំពាវនាវឲ្យប្រជាជនហ្វីលីពីនក្រោកឈរឡើងដើម្បីតស៊ូ ប្រយុទ្ធនឹងសកម្មភាពផ្តាច់ការហិង្សារបស់អនាគតប្រធានាធិបតីថ្មី ដែលមិនគោរពទៅលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ លោក អាគីណូ បានថ្លែងនៅចំពោះមុខប្រមុខការទូតបរទេសជាច្រើននាក់ប្រចាំនៅក្រុងម៉ានីល ថា ហ្វីលីពីនធ្លាប់ឆ្លងកាត់បទពិសោធន៍ដោយបានជាប់ក្នុងក្រញ៉ាំរបស់មេដឹកនាំផ្តាច់ការគឺលោក Marcos ដូច្នេះហ្វីលីពីនត្រូវតែប្រយត្ន័ប្រយែងដើម្បីកុំឲ្យប្រវត្តិសាស្ត្រដើរជាន់ដាន។ ក្នុងន័យនេះលោក អាគីណូ បានសំដៅដោយចំៗថា លោក ឌុយទែតេ អនាគតប្រធានាធិបតីថ្មីគឺជាមនុស្សផ្តាច់ការបំផុត ហើយប្រជាជនហ្វីលីពីននឹងពិតជារងទុក្ខ។
គួរបញ្ជាក់ថា លោក ឌុយទែតេ បានសន្យាថា និងសម្លាប់មេក្លោងជួញគ្រឿងញៀនព្រមទាំងក្រុមឧក្រិដ្ឋកម្មទាំងអស់ ក្នុងរយៈពេល៦ខែ។ លោកថែមទាំងបានសន្យាថា នឹងឲ្យរង្វាន់ដល់អាជ្ញាធរនគរបាល ឬក៏ប្រជាជនសាមញ្ញណា ដែលបានសម្លាប់ពួកជនទុច្ចរិត។ បន្ថែមពីនេះលោកអនាគតប្រធានាធិបតីរូបនេះបានទាំងនិយាយគំរាមថា នឹងបិទសភាចោលបើសិនជាសភារារាំងកិច្ចការងាររបស់គាត់ ហើយគាត់នឹងធ្វើរដ្ឋធម្មនុញ្ញបដិវដ្តន៍ថ្មីមួយសម្រាប់ហ្វីលីពីន។
យ៉ាងណាមិញក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះអាជ្ញាធរហ្វីលីពីនបានសម្លាប់ជនសង្ស័យជាបក្សពួកជួញដូរគ្រឿងញៀនចំនួន២០នាក់។ ក្រុមអាជ្ញាធរបានបញ្ជាក់ថា ពួកគេបានទទួលការជំរុញពីលោកប្រធានាធិបតីថ្មី បើទោះបីជាលោកពុំទាន់ចូលកាន់មុខតំណែងជាផ្លូវការក៏ដោយ។ ដោយឡែកភ្នាក់ងារយកព័ត៌មានបារាំងបានរាយការណ៍អំពីសកម្មភាពតាមប្រម៉ាញ់ នឹងចាប់មនុស្សនៅតាមតំបន់អាណាធិបតេយ្យក្នុងក្រុងម៉ានីល ដោយមានចាប់ទាំងក្មេងៗដោយឥតរើសមុខ។
ក្រុមអង្គការនិងសកម្មជនសិទ្ធិមនុស្សនៅហ្វីលីពីន បានបរិហារពីចំណាត់ការបែបសាហាវព្រៃផ្សៃរបស់អនាគតប្រធានាធិបតីដោយលោកបានបើកដៃឲ្យមានការបាញ់សម្លាប់កាត់ទោសក្រៅប្រព័ន្ធតុលាការ។ នៅទីក្រុងDavao ដែលលោកឌុយទែតេធ្លាប់ជាអភិបាលត្រូវបានសកម្មជនសិទ្ធិមនុស្សចោទថា លោកម្នាក់នេះបានបញ្ជាឲ្យមានប្រតិបត្តិការចុះបង្រ្កាបនិងសម្លាប់ឆៅៗទៅលើជនសង្ស័យដោយពុំមានការស៊ើបអង្កេតរកសខ្មៅអ្វីឡើយ៕
ប្រែសម្រួល៖ សាធី