ស្នងការខេត្តកណ្ដាលដឹកនាំកម្លាំងចុះទៅជួយធ្វើអន្តរាគមន៍ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យរថយន្ត៣គ្រឿងឆេះសន្ធោសន្ធៅ

ចែករំលែក៖

ខេត្តកណ្ដាល: បន្ទាប់ពីមានករណីរថយន្តកុងតឺន័រ២គ្រឿងបុកគ្នានិងបន្តទៅប៉ះរថយន្តធុនតូចដែលចតនៅក្បែរគ្នា បណ្ដាលឱ្យកើតមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យរថយន្តទាំង៣គ្រឿងនោះខូចខាតទាំងស្រុង។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានដឹកនាំកកម្លាំងចុះទៅអន្តរាគមន៍ពន្លត់ដោយមិនបណ្ដាលឱ្យអគ្គិភ័យនោះបន្តឆេះប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋឡើយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១២និង០០នាទី នៅមុខផ្សារគគីរស្ថិតក្នុង
ភូមិគគីរ  ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឱ្យដឹងថា សម្ភារខូចខាតរួមមាន៖
១-រថយន្ត០៣គ្រឿង , ២-សំយាបផ្ទះ ប្រជាពលរដ្ឋ៦ និង៣-សំយាបរោងផ្សាររបស់បងប្អូនអាជីវករមួយចំនួន។
ប្រភពដដែលបន្តថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១២និង០០នាទី មានរថយន្តសណ្ដោងទូកុងតឺន័រ១គ្រឿងបើកបរ ដោយជនមិនស្គាល់អត្តសញ្ញាណ បើកពីអ្នកលឿងទៅភ្នំពេញ ពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលទៅបុករថយន្តសណ្តោងទូកុងតឺន័រមួយទៀតដែលតៃកុងឈប់ចតដើម្បីចូលហូបបបរ នៅមុខផ្សារគគីរ បណ្ដាលឱ្យរថយន្តកុងតឺន័រដែលចតអែបខាងនោះក្រឡាប់ទៅម្ខាងសង្កត់លើរថយន្តតូច១គ្រឿងទៀតដែលចតនៅចិញ្ចើមផ្លូវ ស្របពេលនោះស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះឡើង តែដោយសាររថយន្តកុងតឺន័របង្កហេតុនោះមានដឹកអីវ៉ាន់ពេញក្នុងទូកុងតឺន័រ ដូចជាកំប៉ុងថ្នាំបាញ់មូស ( ម៉ាក Renger)ពេញទូនោះទើបបណ្ដាលឱ្យផ្ទុះនិងឆាបឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះដោយមានកិច្ចអន្តរាគមន៍ពីគណៈបញ្ជាការឯកភាពស្រុក លោក ឡូវ សុខ សាន បានដឹកនាំកងកម្លាំងចុះជួយនិងមានលោកឧត្តមសេនីទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំបញ្ជាកម្លាំងពន្លក់អគ្គិភ័យខេត្តនិងកម្លាំងអធិការដ្ឋាននគរបាលស្រុក និងមានកិច្ចសហការពីកម្លាំងអន្តរាគមន៏បង្ការពន្លត់អគ្គិភ័យពីនាយកដ្ឋាន និងខាងបុរីប៉េងហួត ទើបយើងអាចគ្រប់គ្រងស្ថានការណ៏បានមិនឱ្យអណ្ដាតភ្លើងឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ ពិសេសគឺ ចំណុចផ្សារគគីរនោះតែម្ដង ។ ក្នុងប្រតិបត្តិការនោះ កងកម្លាំងបង្ការពន្លត់អគ្គិភ័យយើងបានប្រើប្រាស់ថយន្តពន្លត់អគ្គិភ័យសរុបចំនួន១១គ្រឿង មកពី ស្នងការដ្ឋាននគរបាលខេត្ត០៣គ្រឿងប្រើប្រាស់ទឹកអស់០៦ឡាន មកពីបុរីប៉េងហួត០២គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន  និងរថយន្តពន្លត់អគ្គិភ័យស្រុកកៀនស្វាយ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៥ឡាន រថយន្តខាងនាយកដ្ឋានបង្ការពន្លត់អគ្គិភ័យចំនួន៥គ្រឿង ប្រើទឹកអស់៥ឡាន។  ក្នុងប្រតិបត្តិការនោះកម្លាំងយើងបានសហការគ្នាពន្លត់ចប់១០០%នៅម៉ោង៣និង៥០នាទី ៕ ដោយ៖ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print