នៅចុងបញ្ចប់នៃការផ្តល់សក្ខីកម្មរបស់ខ្លួននៅព្រឹកថ្ងៃទី២៨ ខែកក្កដា ដើមបណ្តឹងរដ្ឋប្បវេណី សែន សុផុន បានស្នើសុំឱ្យអង្គជំនុំជម្រះសាលាដំបូងផ្តន្ទាទោសអស់មួយជីវិតចំពោះការទទួលខុសត្រូវរបស់ជនជាប់ចោទទាំងពីររួបដែលបានដឹកនាំប្រទេសបង្កវិនាសសកម្ម បង្កការស្លាប់បាត់ បង់ជីវិតរបស់ឪពុកម្តាយបងប្អូនរបស់លោក។
តាមរយៈប្រធានអង្គជំនុំជម្រះសាលាដំបូង ដើមបណ្តឹងរដ្ឋប្បវេណី សែន សុផុន ក៏បានចោទសួរសំណួរពីរទៅកាន់ជនជាប់ចោទ នួន ជា ថាមានបញ្ជាមកពីណាក្នុងការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ហើយចំពោះរូបលោកត្រូវបានខ្មែរក្រហមកុហកឱ្យចេញពីទីលំនៅក្នុងទីក្រុងភ្នំពេញរបស់លោក និងបានជម្លៀសរហូតទៅដល់ខេត្តបាត់ដំបងនិងទទួលរងនូវទុក្ខវេទនាយ៉ាងខ្លាំង។
នៅព្រឹកថ្ងៃទី២៨ ខែកក្កដា អង្គជំនុំជម្រះសាលាដំបូងបានបន្តបើកសវនាការលើសំណុំរឿង ០០២/០២ ដោយបន្តស្តាប់ការផ្តល់សក្ខីកម្មរបស់ ដើមបណ្តឹងរដ្ឋប្បវេណី សែន សុផុន ទាក់ទងនឹងអង្គហេតុការដ្ឋានការងារទំនប់ត្រពាំងថ្ម។
នៅព្រឹកនេះក្រុមមេធាវីការពារ ក្តីជនជាប់ចោទ នួន ជា និងខៀវ សំផន នឹងធ្វើការចោទសួរទៅលើដើមបណ្តឹងរដ្ឋប្បវេណីរូបនេះ។ ឆ្លើយតបនឹងសំណួររបស់មេធាវីការពារក្តីជនជាប់ចោទ នួន ជា ដើមបណ្តឹងរដ្ឋប្បវេណី សែន សុផុន បានថ្លែងថា ឪពុកម្តាយរបស់គាត់ប្រហែលគេសម្លាប់នៅអំឡុងឆ្នាំ ១៩៧៨ នៅពេលដែលយាយចែមបានចូលកាន់កាន់តំបន់នោះ។ លោកបានលើកឡើងថាការសម្លាប់ទៅឪពុកម្តាយរបស់គាត់ដោយសារតែគេចោទថាមានប្រវត្តិរូបជាអតីតទាហាននៃសម័យសាធារណរដ្ឋខ្មែរ លន់ នល់។
ពេលឆ្លើយតបទៅនឹងព្រះរាជអាជ្ញាកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៥ ដើមបណ្តឹងរដ្ឋប្បវេណីរូបនេះបានដាក់ការទទួលខុសត្រូវការស្លាប់របស់ឪពុកម្តាយរបស់គាត់ទៅលើយាយចែម ដែលជាអ្នកទទួលខុសត្រូវបន្តនៅតំបន់នោះ ខណៈឪពុកម្តាយរបស់លោកខិតខំលក់ប្រវត្តិរូបជាយូរមកហើយ។ លោកបានថ្លែងថាថ្នាក់គ្រប់គ្រងការដ្ឋានការងារនោះដំបូង ឡើយគឺមានឈ្មោះវ៉ាល់ ហើយក្រោយមកមានលេចឈ្មោះយាយចែម ដែលមកពីភូមិភាគនិរតីមកជំនួសវិញ។ ដើមបណ្តឹងរដ្ឋប្បវេណីបានថ្លែងថាលោកមិនដែលបានជួបអ្នកគ្រប់គ្រងតំបន់លោកដោយផ្ទាល់នោះទេ គឺគ្រាន់តែឮឈ្មោះប៉ុណ្ណោះ។
ដើមបណ្តឹងរដ្ឋប្បវេណី សែន សុផុន បន្ទាប់ពីត្រូវជម្លៀសទៅខេត្តបាត់ដំបង នៅឆ្នាំ ១៩៧៧ លោកបានចូលក្នុងកងចល័ត ហើយបានចូលរួមក្នុងការលើកទំនប់ត្រពាំងថ្ម។ លោកថ្លែងថា ក្រុមខ្មែរក្រហមបានបង្ខំឱ្យលោកទៅធ្វើការ ហើយគ្មាននរណាម្នាក់ហ៊ានតវ៉ាឡើយ។ លោកថានៅក្នុងមួយថ្ងៃ ក្រុមខ្មែរក្រហមតម្រូវ ឱ្យលើកដៃឱ្យបាន បីម៉ែត្រគូបដោយចាប់ផ្តើមការងារពីម៉ោង ៤ ព្រឹក ហើយបន្តរហូតដល់ម៉ោង ៩យប់។ ក្រុមខ្មែរក្រហមតម្រូវឱ្យលើក ដីឱ្យអស់តាមផែនការទើបឱ្យឈប់សម្រាក។ លោកបានថ្លែងថាលោកបំពេញការងារនៅស្ពានរាបនៅទំនប់ត្រពាំងថ្ម។ លោកថាចំណុចដែលគាត់ធ្វើការងារមានកម្ពស់ ១០ ម៉ែត្រ ខ្នងលើ ៣០ ម៉ែត្រ និងបាតក្រោមប្រវែង ៥០ ម៉ែត្រ។ ចំពោះកន្លែងស្នាក់នៅវិញ លោក សែន សុផុន បានរៀបរាប់ថា ខ្មែរក្រហមបានធ្វើរោងវែងសម្រាប់ឱ្យអ្នក ធ្វើការសម្រាក និងគ្មានផួយមុងកន្ទេលអ្វីឡើយ។
លោកបន្តថា គ្មានការផ្តល់សេវាព្យាបាលត្រឹមត្រូវដល់អ្នកជំងឺឡើយ ហើយអ្នកឈឺមិនត្រូវបានគេចែកបាយឱ្យហូបនោះទេ។ ដើមបណ្តឹងរដ្ឋប្បវេណីរូបនេះក៏បានសង្កេតឃើញ ថាមានការបាត់ខ្លួននៃសមាជិកក្រុមរបស់លោក តែលោកមិនបានដឹងមូលហេតុឡើយ។ ទឹកដែលបានយកមកឱ្យប្រជាជនហូបនៅទីនោះត្រូវបានគេដឹកនពីបឹងមកដោយគ្មានការសម្លាប់មេរោគអ្វីឡើយ។ លោកបាន ពិពណ៌នាថា ប្រជាជនដែលធ្វើការងារនៅការដ្ឋានការងារមានចំនួនច្រើន ហើយមិនមានសុខភាពល្អឡើយ គ្មាន កម្លាំងកំហែង ក្បាលជង្គង់ធំជាងក្បាល។ លោកបានថ្លែងថា ពលរដ្ឋខ្លះបានដួលស្លាប់នៅនឹងកន្លែងធ្វើការដោយសារតែអស់កម្លាំងខ្លាំង។ ពលរដ្ឋខ្លះស្រេកឃ្លានខ្លាំង សុំដុំបាយពីក្រុមខ្មែរក្រហមរហូតដល់ស្លាប់ក៏មាន។