សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣នេះ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បានចោទសហរដ្ឋអាមេរិកថា មានចរិតពុតត្បុត បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Blinken បាននិយាយថា មិនត្រូវអនុញ្ញាតឱ្យរុស្ស៉ីរួចខ្លួនពីការដាក់ទោសសម្រាប់ការបង្កសង្រ្គាមនៅអ៊ុយក្រែននោះឡើយ អំឡុងវេទិកាកិច្ចសន្ទនាសន្តិសុខដែលប្រមុខការទូតប្រទេសទាំងពីរបានចូលរួមកាលពីថ្ងៃសុក្រសប្តាហ៍នេះ។
ថ្លែងក្នុងវេទិកាកិច្ចសន្ទនា Raisina Dialogue នៅប្រទេសឥណ្ឌា លោក ប្លីនខិន បាននិយាយដូច្នេះថា «ប្រសិនបើយើងអនុញ្ញាតឱ្យរុស្ស៉ីរួចទោសសម្រាប់អ្វីដែលប្រទេសនេះកំពុងធ្វើនៅអ៊ុយក្រែន នោះវានឹងក្លាយជាសារមួយប្រាប់ទៅកាន់បណ្តាប្រទេសដទៃទៀតថា ពួកគេក៏ប្រហែលជាអាចរួចខ្លួនដូចគ្នាដែរ ក្រោយការធ្វើសកម្មភាពយ៉ាងដូច្នោះ»។
ថ្លែងក្នុងវេទីកាខាងលើដដែល បន្ទាប់ពីលោក ប្លីនខិន លោកឡាវរ៉ូវ ក៏បានលើកឡើងថា វាគឺជាការប្រកាន់ស្តង់ដារពីរក្នុងការចោទសួរចំពោះសកម្មភាពរបស់រុស្ស៉ីនៅអ៊ុយក្រែន នៅពេលដែលសហរដ្ឋអាមេរិកបានយកហេតុផល ការគំរាមកំហែងចំពោះផលប្រយោជន៍ជាតិរបស់ខ្លួន សម្រាប់ជាលេសដើម្បីធ្វើអន្តរាគមន៍យោធាពាសពេញពិភពលោក រួមមានទាំងសង្រ្គាមនៅអ៉ីរ៉ាក់ ការវាយប្រហារតាមផ្លូវអាកាសនៅលីប៊ី ហើយនិងការទម្លាក់គ្រាប់បែកនៅយូហ្គោស្លាវី។
ក្នុងសប្តាហ៍នេះ ប្រមុខការទូត
រុស្ស៉ី-អាមេរិក បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃក្រុមប្រទេស G20 ដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានីញូវដេលីរបស់ឥណ្ឌា ហើយក្នុងឱកាសនោះ ក៏បានជួបជជែកទល់មុខគ្នាមួយភ្លែតជាលើកដំបូងផងដែរ គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីជាងមួយឆ្នាំមុនមក៕ ដោយធីរីណា
រូបថត : plvn
រូបថត : TTXVN-VNA