ខេត្តរតនគិរី÷សត្វត្រយងចង្កុំកស ១ក្បាល ត្រូវបានភ្នាក់ងារ USAID មរតកបៃតង សហការជាមួយដៃគូអភិរក្សជីវិតធម្មជាតិកម្ពុជា និងមន្ទីរបរិស្ថានខេត្តរតនគិរី ជួយសង្គ្រោះចេញពីអន្ទាក់ក្បែរដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។
ប្រភពខាងលើដែលបានបញ្ចេញឱ្យដឹងកាលពីថ្ងៃទី ៤ខែមីនាឆ្នាំ២០២៣ថា ត្រយងចង្កំកស ដែលជាប្រភេទសត្វស្លាបជិតផុតពូជមួយក្បាលនេះ ត្រូវបានអ្នកភូមិប្រទះឃើញជាប់អន្ទាក់ក្នុងព្រៃសហគមន៍កែងសាន់ ក្បែរដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគីរី។ បន្ទាប់ពីទទួលបានព័ត៌មានពីអ្នកភូមិ ក្រុមការងារឧទ្យានុរក្សរបស់អង្គការជីវិតធម្មជាតិកម្ពុជា បានធ្វើដំណើរទៅកាន់តំបន់នោះភ្លាមៗ ហើយបាននាំយកសត្វត្រយងនោះមកកាន់កន្លែងដែលមានសុវត្ថិភាព។
ប្រភពដដែលបញ្ជាក់ថានៅពេលនេះ សត្វត្រយងបានមានសុវត្ថិភាពពីអន្ទាក់ហើយ ប៉ុន្តែវាកំពុងស្ថិននៅក្នុងស្ថានភាពទន់ខ្សោយនៅឡើយ។ ឥឡូវនេះ អង្គការជីវិតធម្មជាតិកម្ពុជា កំពុងជាមួយ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដែលមានឯកទេសក្នុងការជួយសង្គ្រោះ និងស្តារនីតិសម្បទាសត្វព្រៃដែលជិតផុតពូជ ដើម្បីមើលថែរក្សា និងតាមដានស្ថានភាពរបស់សត្វស្លាបមួយនេះ មុនពេលពួកគេសម្រេចចិត្តថា តើត្រូវប្រលែងវាចូលទៅក្នុងព្រៃវិញ ឬយ៉ាងណា។
USAID មរកបៃតងបានកំពុងធ្វើការជាមួយក្រសួង បរិស្ថាន ដៃគូអភិរក្ស និងអង្គការពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំ “យុទ្ធនាការអន្ទាក់សូន្យ” ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០២២ មក។ នៅឆ្នាំនេះ យើងក៏នឹងបន្តគាំទ្រយុទ្ធនាការអន្ទាក់សូន្យនេះ ក្នុងដំណាក់កាលទី២ ដែលត្រូវបានប្រកាសចាប់ផ្តើមនៅថ្ងៃនេះ ហើយនឹងដំណើរការនៅក្នុងខេត្តមួយចំនួនរហូតដល់ខែកក្កដា ឆ្នាំ ២០២៣៕