ប្រទេសវៀតណាម៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសមជាមួយ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នាឱកាសនោះ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញការស្វាគមន៍ចំពោះវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណៈប្រតិភូ។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូក្រសួងមហាផ្ទៃ នាឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
ទន្ទឹមនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងក្រសួងមហាផ្ទៃ និងក្រសួងនគរបាលវៀតណាមផងដែរ។
ផ្អែកលើការលើកឡើងខាងលើនេះ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងទាំងពីរ និងបានលើកទឹកចិត្តខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាមនាឆ្នាំ២០២៣បន្តទៀត។
សូមបញ្ជាក់ជូនដែរថា តបតាមការអញ្ជើញរបស់ លោកឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្តសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី៣ ដល់៥ ខែមីនា ឆ្នាំ២០២៣ ដើម្បីអនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនានា រវាងក្រសួងទាំងពីរ៕
ដោយ៖ស តារា