ខេត្តរតនគិរី៖ បុរស៣នាក់ត្រូវបានសមត្តកិច្ចនគបាលចរាចរណ៍ជើងគោកឃាត់ខ្លួនភ្លាមៗបន្ទាប់ពីធ្វើការត្រួតពិនិត្យឃើញថាផ្ទុកជាតិអាល់កុលហើយរឹងរូសប្រើអំពើហិង្សាជេប្រមាថ មកលើក្រុមសមត្ថកិច្ចខ្លាំងៗព្រមទាំងអ្នកសារព័ត៌មានផងដែរ ។
ហេតុការណ៍ឃាត់ខ្លួនបុរស៣នាក់បានធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវបែកជាបួនកែងវិទ្យាល័យសម្តេចឪសម្តេចម៉ែ ស្ថិតនៅភូមិអភិឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
យោងតាមកំណត់ហេតុត្រួតពិនិត្យអ្នកបើកបរមានផ្ទុកជាតិស្រវឹងរបស់សមត្ថកិច្ចចរាចរណ៍ជើងគោកបានឲ្យថា បុរស៣នាក់ជិះម៉ូតូឌុបគ្នាមួយគ្រឿង ទី១ឈ្មោះ ឃឹម ខួច ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ ជាអ្នកបើកបរ(ម្ចាស់ម៉ូតូ)មានពាក់មួកសុវត្ថិភាព ដាក់ខ្លួនឲ្យសមត្ថកិច្ចធ្វើតេស្តជាតិអាល់កុល ។ ទី២ឈ្មោះ យ៉ាត ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ អត់ពាក់មួកសុវត្ថិភាព ទី៣ឈ្មោះ វ៉ាន វ័ន(ហៅប៉ែត)ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ អត់ពាក់មួកសុវត្ថិភាព(ជើងខ្លាំង)រឹងរូសប្រើពាក្យសម្ដីអសុរស ប្រមាថមើលងាយក្របួចកអាវសមត្ថកិច្ចវិញ ។ អ្នកទាំង៣មានទីលំនៅភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុង មុខរបរជាងជួសជុលក្នុងក្រុមហ៊ុនម៉ាស៊ីនគូបូតា សាខាខេត្តរតនគិរី ។
លោកវរៈសេនីទោ ឈិន ថេន ឋាន:អនុប្រធានការិយាល័យចរាចរណ៍ជើងគោកខេត្ត ក្រោយពីប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យជាតិស្រវឹងរកឃើញជាតិអាល់កុលមានចំនួន១.១៧មីលីលិត្រ ត្រូវបានឈ្មោះ វ៉ាន វ័ន(ហៅប៉ែត)ស្ទុះមកក្របួចក អាវលោកបម្រុងវាយបានកូនចៅជួយទាន់ ធ្វើឲ្យលោកទ្រាំមិនបានវាយខ្នោះហើយបញ្ជូនទៅការីយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរដ្ឋាននគបាលខេត្តដើម្បីឃុំខ្លួនបណ្តោះអាសន្ន។ ចំណែកបុរសឈ្មោះឃឹម ខួច ម្ចាស់ម៉ូតូមានចរិកស្លូតបូតឲ្យនៅក្រៅឃុំ ។
បច្ចុប្បន្ន បុរសបង្កទាំង២នាក់សមត្ថកិច្ចកំពុងបំពេញសំណុំបែបបទដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ វុទ្ធឦសាន