ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងនារីជាសង្សារបានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ដោយសារហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តធ្លាក់ចូលទឹកស្ទឹង ខណៈដែលគេអះអាងថាជនរងគ្រោះបើកបរក្នុងស្ថានភាពស្រវឹងស្រា និងក្នុងល្បឿនលឿន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សស្លាប់និងរងរបួសធ្ងន់នេះបានកើតឡើងនៅវេលាម៉ោង៤និង០០នាទី ទៀបភ្លឺឈានចូលថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវកៅស៊ូ១ខ្សែតាមបណ្ដោយមាត់ស្ទឹង ត្រង់ចំណុចផ្លូវកោងក្បែរវត្តលលកសថ្មី ស្ថិតក្នុងភូមិ-សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ ។
យោងរបាយការណ៍នគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា រថយន្តម៉ាក HIRIDER ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-4934 បើកបរដោយបុរសឈ្មោះ ម៉ៅ សុវណ្ណារ៉ា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំអូរអណ្ដុង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួស(ធ្ងន់)កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងអ្នករួមដំណើរឈ្មោះ រម្យ សីហា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំជាមួយគ្នា(ស្លាប់)។
ក្នុងរបាយការណ៍ដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្ន សពបានតម្កល់ជាបណ្ដោះអាសន្ននៅវត្តលលកសថ្មី។ ចំណែកវត្ថុតាងរថយន្តរក្សាទុកជាបណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។ មូលហេតុៈ កត្កាល្បឿនជ្រុលចង្កូតធ្លាក់ចូលទឹកស្ទឹងពោធិ៍សាត់ ។
ដោយឡែកបើយោងប្រភពពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងរបួសធ្ងន់(ម៉ៅ សុវណ្ណារ៉ា)ជាអ្នកបើកបររថយន្ត និងនារីរងគ្រោះស្លាប់(រម្យ សីហា)ជាសង្សារនឹងគ្នា ជាអ្នកលក់ខោអាវនៅព្រំប្រទល់កម្ពុជា-ថៃ(ថ្មដា) ហើយមុនកើតហេតុគេឃើញពួកគាត់ស៊ីផឹកនៅហាង១យីហោ(ទឹកមាស)និងបន្តមកស្ទឹងមាស មិត្តភ័ក្ដិឃើញស្ថានភាពស្រវឹងបានហាមគាត់មិនឲ្យបើកបរទេ ប៉ុន្តែពួកគាត់នៅតែទៅ រហូតជួបគ្រោះថ្នាក់បែបនេះ ៕ ដោយៈ ប៉ឹម ពិន