ថ្ងៃបុណ្យទន្លេស្អែកនេះ! លោករដ្ឋមន្ត្រី ថោង ខុន ណែនាំមន្រ្តីជំនាញផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានត្រូបទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវ និងលម្អសោភ័ណភាព ពិសេសគឺកុំដំឡើងថ្លៃសេវាកម្មហួសហេតុពេក

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃពុធទី​០៨​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ខណៈពិធីបុណ្យទន្លេនឹងឈានមកដល់នៅថ្ងៃស្អែកនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ងួន​រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំចាត់ចែងការងារដែលនៅសេសសល់ចុងក្រោយ កាលពីរសៀលថ្ងៃទី៧ ខែមីនាម្សិលមិញ នៅសាលាខេត្តកំពង់ធំ ខណៈការងារមួយចំនួនត្រូវបានត្រៀម និងរៀបចំស្ទើរតែរួចរាល់អស់ហើយ។

គួរជម្រាបថា ពិធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)។ ពិធីបើកជាផ្លូវការនឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ខណៈទិដ្ឋភាពនេះគឺនៅតាមបណ្ដោយដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នាកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី ថោង ខុន បានចាត់ចែងឱ្យថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ធំ និងមន្ត្រីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវសហការគ្នារៀបចំការងារដែលនៅសេសសល់ឱ្យបានរួចរាល់ ទាំងការរៀបចំផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ ការងារពាក់ព័ន្ធនឹងកម្មវិធីបើកដែលនឹងធ្វើឡើងក្រោមអធិបតីភាពសម្ដេចទាំងទ្វេ ការតាំងពិរណ៍ សិល្បៈ តន្ត្រី​ កីឡា និងការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែក។

អង្គប្រជុំបានពិភាក្សាពីការរៀបចំឱ្យបានគ្រប់គ្រាន់នូវបន្ទប់ទឹកសម្រាប់មហាមហាជន និងប្រជាជន។ ត្រូវបានពង្រឹងគុណភាពសេវាកម្ម អនាម័យនៅតាមទីមហោស្រពម្ហូបអាហារខ្មែរ។

អង្គប្រជុំក៏បានលើកទឹកចិត្តឱ្យបានការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមដងទន្លេ និងការតាំងពិព័រណ៍ផលិតផលសិប្បកម្ម កសិទេសចរណ៍ និងផលិតផលក្នុងស្រុក ភូមិមួយផលិតមួយ ផលិតផលកែច្នៃ​ ព្រមទាំងមានសកម្មភាពកីឡាឱ្យបានច្រើនកុះករ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំដល់ប្រធានមន្ទីរទេសចរណ៍ខេត្ត និងមន្ត្រីរាជការជាចំណុះត្រូវផ្សព្វផ្សាយទៅកាន់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងក្រុងត្រូវរៀបចំឱ្យបុគ្គលិកបម្រើការស្លៀកពាក់ឯកសណ្ឋានរៀងៗខ្លួនឱ្យបានត្រឹមត្រូវ និងទាំងអស់គ្នា ដើម្បីជាចំណែកទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវ និងលម្អសោភ័ណភាពផង ពិសេសគឺកុំដំឡើងថ្លៃសេវាកម្មហួសហេតុពេក។

ក្រៅពីនេះក៏ត្រូវមានការបង្ហាញអំពីសក្ដានុពលវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានយល់ថា កម្ពុជាមានប្រវត្តិសាស្ត្រ មានវប្បធម៌យូរលង់មកហើយរបស់កម្ពុជាផងដែរ។ ជាមួយគ្នានោះសម្រាប់សម្មភាពក្នុងការផ្សព្វផ្សាយទេសចរណ៍សហគមន៍ ក៏ត្រូវតែរៀបចំឱ្យបានផុសផុលនៅក្នុងពិធីបុណ្យទន្លេលើកទី៧នេះផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់ថា ពិធីបុណ្យទន្លេលើកទី៧នេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។

...

ក្រោយកិច្ចប្រជុំ លោករដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្ត ងួន រតនៈ ក៏បានដឹកនាំចុះពិនិត្យទីតាំងសំខាន់មួយចំនួនផងដែរ ដូចជា ឆ្នេរខ្សាច់នៅមាត់ស្ទឹង ទីតាំងស្ដង់ពិព័រណ៍និងការរៀបចំតុបតែងស្ដង់ បរិវេណឆាកធំ ឆាកតន្ត្រីជាដើម៕ ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print