លោក Xi Jinping បានជាប់ឆ្នោតជាប្រធានាធិបតីចិនអាណត្តិទីបី

ចែករំលែក៖

នៅថ្ងៃទី ១០ ខែមីនា សភាប្រជាជនចិន បានជ្រើសរើសជាឯកច្ឆ័ន្ទប្រធានាធិបតី Xi Jinping សម្រាប់កាន់តំណែងជាន់ខ្ពស់អាណត្តិទីបី។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua លោក Xi Jinping ត្រូវបានជ្រើសរើសជាឯកច្ឆ័ន្ទដោយប្រតិភូទាំងអស់នៃសភាប្រជាជននៃប្រទេសចិន (NPC)។ លោកនឹងដឹកនាំប្រទេសចិន សម្រាប់រយៈពេល​  ៥​ឆ្នាំ​ខាងមុខទៀត។ លោក ស៊ី ជីនពីង ក៏ត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មីជាប្រធានគណៈកម្មការយោធាមជ្ឈិម សម្រាប់អាណត្តិទី ៣ ជាប់ៗគ្នាជាមួយនឹងសំឡេងគាំទ្រដាច់ខាត 2,952/2,952 ស្មើ ១០០% ។
នៅពេលនេះប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃសុក្រនេះ បានសម្តែងការអបអរសាទរចំពោះលោកXi Jinping ដែលបានបន្តជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ ហើយលោក ពូទីន ក៏បានស្ងើចសរសើរផងដែរ នូវការពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ។
ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយវិមានក្រឹមឡាំង លោកប្រធានាធិបតីរុស្ស៉ី បាននិយាយដូច្នេះថា «មិត្តសម្លាញ់… សូមអ្នកទទួលយកនូវការចូលរួមអបអរសាទរ ដោយស្មោះត្រង់ពីខ្ញុំ ក្នុងឱកាសនៃការបន្តជាប់ឆ្នោត របស់អ្នក។ ភាគីរុស្ស៉ីវាយតម្លៃខ្ពស់ជាខ្លាំងចំពោះ ការចូលរួមចំណែកដោយផ្ទាល់របស់អ្នក សម្រាប់កិច្ចខិតខំពង្រឹងចំណងទាក់ទង ក៏ដូចជាកិច្ចសហប្រតិបត្តិយុទ្ធសាស្រ្តនៃប្រជាជាតិយើងទាំងពីរ»។
លោក ពូទីន បានបន្តទៀតថា «ខ្ញុំជឿជាក់ថាតាមរយៈការធ្វើការជាមួយគ្នា ពួកយើងនឹងធានាបាននូវការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរុស្ស៉ី-ចិនប្រកបដោយផ្លែផ្កា នៅក្នុងវិស័យចម្រុះគ្រប់បែបយ៉ាង ហើយយើងនឹងបន្តរួមសហការគ្នា ជុំវិញបញ្ហាក្នុងតំបន់ព្រមទាំងបញ្ហាអន្តរជាតិ ដែលសំខាន់ៗបំផុត»។
គួរបញ្ជាក់ថា ស្របពេលដែលទំនាក់ទំនងរបស់រុស្ស៉ីជាមួយលោកខាងលិច បានធ្លាក់ដល់កម្រិតទាបបំផុតដូចកាលពីសម័យសង្រ្គាមត្រជាក់ ក្រោយពីទីក្រុងមូស្គូបើកការឈ្លានពានទៅលើអ៊ុយក្រែន កាលពីមួយឆ្នាំមុន វិមានក្រឹមឡាំង បាននិងកំពុងប្រឹងប្រែងព្យាយាម រឹងបន្តឹងចំណងទាក់ទងរបស់ខ្លួនជាខ្លាំង ជាមួយប្រទេសចិន៕

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print