ភ្នំពេញ ៖ បើទោះជាគេព្យាយាមលាក់លៀមព័ត៌មាន កើតមាននៅក្នុងមូលដ្ឋាន យ៉ាងណាក៏ដោយ ក៏បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា , មានក្មេងប្រុសជំទង់ចំនួន៣នាក់ ពួកគេបានមកតាមម្តាយ ដើម្បីលើកបន្លែនៅទល់មុខផ្សារជម្ពូវ័ន ហើយកំពុងអង្គុយហូបបុកល្ហុងសុខៗ ក៏ត្រូវជនស៊ីវិលមកចោទប្រកាន់ថា «លួចគាស់តូបមុខវិទ្យាល័យជម្ពូវ័ន» ហើយជនស៊ីវិលនោះក៏ដកកាំកាំភ្លើងវាយក្មេងប្រុសម្នាក់ បណ្តាលឲ្យបែកក្បាលហូរឈាឈាមស្រោចពេញផ្ទៃមុខរងរបួសធ្ងន់ ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចស្ពានថ្មើរជើងផ្សារជម្ពូវ័ន នឹងទល់មុខវិទ្យាល័យជម្ពូវ័នស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះខាងលើមានឈ្មោះ នុត វណ្ណៈ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សរៀននៅអង្គការ ភាពញញឹមនៃកុមារ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ មានម្តាយឈ្មោះ ឌៀប សំអាត អាយុ៥៥ឆ្នាំ មុខរបរលើកបន្លែនៅផ្សារជម្ពូវ័ន ស្នាក់នៅផ្ទះជួល ម្តុំស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ២នាក់បងប្អូន ព្រមទាំងម្តាយបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ កូនគាត់មានគ្នា៣នាក់ ក្នុងនោះកូនបង្កើតមាន២នាក់ និងកូនចិញ្ចឹមម្នាក់ សរុបចំនួន៣នាក់ បានអង្គុយហូបបុកល្ហុងនៅកាំជណ្តើរស្ពានអាកាសថ្មើរជើងផ្សារជម្ពូវ័ន ខណៈពេលបងប្អូនទាំង៣នាក់កំពុងតែអង្គុយហូបបុកល្ហុងសុខៗ ក៏ស្រាប់តែឃើញបុរសម្នាក់ពាក់អាវ.សដើរមកក្បែរពួកគាត់ ហើយចោទប្រកាន់ថា ពួកគាត់លួចគាស់តូបមុខសាលាវិទ្យាល័យជម្ពូវ័ន ដោយនិយាយថា «ពួកអែង ម៉េចនាំគ្នាមកគាស់តូបមុខសាលាចឹង» ហើយជនរងគ្រោះជាប្អូនបានបដិសេធថា «អត់ទេពូ ពួកខ្ញុំមិនដែលគាស់តូបគេទេ ខ្ញុំមកជាមួយម្តាយខ្ញុំទេ ម្តាយខ្ញុំរង់ចាំលើកបន្លែអោយគេនៅមុខផ្សារជម្ពូវ័ន ម៉េចបានចោទពួកខ្ញុំចឹង»។
សូមបញ្ជាក់ថា, ការចោទប្រកាន់ដោយគ្មានភស្តុតាង មិនបានប្រព្រឹត្តនូវបទល្មើស គួរតែសមត្ថកិច្ចឃាត់ខ្លួនក្រុមជនសុីវិលមានអាវុធ និងប្រើហិង្សាលើក្មេង ចាត់ការតាមនីតិវិធី ផង !
ប្រភពដដែលបន្តទៀតថា បន្ទាប់មកជនស៊ីវិលខាងលើ ក៏បានវាយជនរងគ្រោះជាប្អូនមួយដៃ ចំណែកជនរងគ្រោះបានសួរនាំថា «ម៉េចបានបានវាយប្អូនខ្ញុំ» ពេលនោះស្រាប់តែជនស៊ីវិលនោះបានដកកាំភ្ភ្លើងខ្លីចេញពីចង្កេះ រួចមកវាយទៅលើជនរងគ្រោះ ឈ្មោះ នុត វណ្ណៈ ចំក្បាល បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួនតែម្តង ហើយជនបង្កក៏បានឡើងលើស្ពានអាកាសថ្មើរជើងផ្សារជម្ពូវ័ន រួចរត់គេចខ្លួនបាត់ស្រមោលទៅ។ ចំណែកម្តាយពេលដែលមកមើលកូនកំពុងតែអង្គុយហូបបុកល្ហុង ក៏ស្រាប់តែឃើញកូនឈាមហូរស្រោចក្បាលរងរបួសធ្ងន់តែម្តង មិនគួរណា ជនស៊ីវិលដើរធ្វើសកម្មភាព អនាធិបតេយ្យបែបនេះ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់ចំណុចកើតហេតុភ្លាមៗ ហើយបាននាំជនរងគ្រោះទាំង២នាក់ និងម្តាយនាំមកសួរនាំនៅប៉ុស្តិ៍នគរបាលភ្លាមៗផងដែរ តែជនរងគ្រោះរងរបួសធ្ងន់ពេក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក៏បានអោយជនរងគ្រោះទៅមន្ទីរពេទ្យសិន ហើយសមត្ថកិច្ចរង់ចាំទទួលពាក្យបណ្ដឹងជនរងគ្រោះតាមក្រោយ។
សូមបញ្ជាក់ថា, កន្លងមកទម្លាប់របស់មន្ត្រីនគរបាលយុត្តិធម៌ បានត្រឹមតែហៅជនរងគ្រោះដើម្បីសាកសួរធ្វើកំណត់ហេតុស្ដាប់ចម្លើយតែប៉ុណ្ណោះ ទោះនេះជានីតិវិធី ប៉ុន្តែមន្ត្រីនគរបាលយុត្តិធម៌ ហាក់គ្មានឆន្ទៈ ក្នុងការក្តាប់មុខសញ្ញា ឱ្យបានទាន់ពេលវេលា។ ពីព្រោះថាក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ពិតណាស់ថា ! អាចនឹងដឹងមុខសញ្ញាយ៉ាងច្បាស់ ប៉ុន្តែការអនុវត្តច្បាប់ យកទម្លាប់មកប្រើប្រាស់ ច្រើនទុករឿងដែលកំពុងក្តៅគគុក បទល្មើសជាក់ស្ដែង ទុកជារឿងធម្មតា ខណៈគិតថាករណីខ្លះគ្មានប្រយោជន៍សម្រាប់ខ្លួន ?
ពាក់ព័ន្ធក្នុងករណីនេះ លោកវីរៈសេនីយ៍ឯក សាន សុខសីហា ជំនួយការផ្ទាល់ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមទូរសព្ទជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ក្នុងករណីអំពើហិង្សាខាងលើនេះ លោកបានបញ្ជាក់ថា, ខ្ញុំមិនទាន់ទទួលបានប័ត៌មាន ករណីនេះនៅឡើយទេ បើពីយប់មិញ មានមែនករណីអំពើហិង្សា ។ ដូច្នេះចំពោះថាមានជនស៊ីវិលវាយដោយកាំភ្លើងទៅលើជនរងគ្រោះ ចាំមើលខ្ញុំឆែកមើលជុំវិញព័ត៌មាននេះសិន ហើយក៏សូមអរគុណផងដែរចំពោះការសួរមកខ្ញុំ៕
ដោយ : សហការី