កម្ពុជា​ កាន់តែជឿនលឿនក្នុង​វិស័យ​កសិកម្ម​ ខណៈ​អាជីវករ​ដែល​ផ្តល់​សេវាកម្ម​បាញ់ថ្នាំ​កសិកម្ម​ដោយ​ប្រើ​បច្ចេកវិទ្យា «​ដ្រូន​»

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២៣នេះថា៖​ អាជីវករ​ដែល​ផ្តល់​សេវាកម្ម​បាញ់ថ្នាំ​កសិកម្ម​ដោយ​ប្រើ​បច្ចេកវិទ្យា «​ដ្រូន​» នៅ​ខេត្តបាត់ដំបង មាន​សម្ទុះ​ការគាំទ្រ​ពី​ប្រជាកសិករ បន្ទាប់ពី​ចាប់ផ្តើម​ផ្តល់​សេវា​នេះ​ជាង​ ២ ​​ឆ្នាំកន្លងមក ស្រប​ពេលដែល​កម្មវិធី CAPRED នឹង​គាំទ្រ​កសិកម្ម​បែប​ទំនើប​បន្ត​ពី​កម្មវិធី CAVACII​។​

​ជាក់ស្ដែង​អាជីវ​ករលក់​ផលិតផល​ការពារ​ដំណាំ​កសិកម្ម និង​បម្រើ​សេវាកម្ម​បាញ់ថ្នាំ​ដោយ​ប្រើ​បច្ចេកវិទ្យា​បញ្ជា​យន្តហោះ​គ្មាន​មនុស្ស​បើក «ដ្រូន​» អ្នកស្រី ទោ កុសល បាន​ថ្លែងថា ពីដំបូង​ឡើយ​កសិករ​មិនបាន​ជឿជាក់​លើ​ការបាញ់​ថ្នាំ​កសិកម្ម​ដោយ​ប្រើ​វិធី​នេះ​ទេ ព្រោះ​វា​ប្រើប្រាស់​ទឹក​តិចពេក​ធៀប​នឹង​អ្វីដែល​គាត់​ធ្លាប់​បាញ់​កន្លងមក​ដោយ​ប្រើ​កម្លាំង​ខ្លួនឯង​ផ្ទាល់​។​

​អាជីវកររូបនេះ​ បានថ្លែងបន្តថា អ្នកស្រី​បាន​ចាប់​ផ្តើម​ទិញដ្រូន​ដំបូង​ដើម្បី​បម្រើ​សេវាកម្ម​បាញ់ថ្នាំ​កសិកម្ម​ជាង​ ២​ ឆ្នាំ​មកហើយ ដោយដ្រូន ​១​ គ្រឿង​តម្លៃ​ប្រមាណ​ជិត​ ២​ ម៉ឺន​ដុល្លារ​តាមរយៈ​កម្មវិធី​ជួយ​គាំទ្រ ​៥០% ​នៃ​សេវា​គ្រឿងយន្ត​របស់​កម្មវិធី CAVACII ប៉ុន្តែ​ក្នុងដំណាក់កាល​នៃ​ការចាប់ផ្តើម​ដំណើរការ​ដំបូង គ្មាន​កសិករ​ណា​ម្នាក់​ចង់​សហការ​ឡើយ​។

​អាជីវករ​រូប​នេះ​ បានគូសបញ្ជាក់ថា​៖ «​ដំបូង​ឡើយ កសិករ​មិនបាន​ជឿជាក់​លើ​ការ​បាញ់ថ្នាំ​ដោយ​ប្រើដ្រូន​នោះទេ ព្រោះ​វា​ប្រើ​ទឹក​តិចពេក​។ សុំ​គេ​បាញ់​សាក គេ​មិនឱ្យ​បាញ់​លើដី​ស្រែ​គេ​ផង​»​។អ្នកស្រី​ បន្ថែម​ថា​ ចាប់តាំងពី​គម្រោង​របស់​អូស្ត្រាលី​ដែល​ជួយឧបត្ថម្ភ​ដល់​កសិករ​ដោយ​ចេញ​ចំណាយ​ ៥០ ​ភាគរយ​លើ​សេវា​បាញ់ថ្នាំ​នោះ កសិករ​ខ្លះ​ក៏បាន​សាកល្បង​បាញ់ថ្នាំ​ដោយ​ប្រើដ្រូននេះ ដោយ​គាត់​យល់ថា «​បើទោះបី​ខាត​ក៏​មិន​ខាត​ច្រើន​ដែរ​»​។

​អាជីវ​ករលក់​ផលិតផល​ការពារ​ដំណាំ​កសិកម្មរូបនេះ​ បានគូសបញ្ជាក់ទៀត​ថា​៖ «​ក្នុង ​១ ហិកតា ​ខ្ញុំ​យកឈ្នួល​ ៤ ​ម៉ឺន​រៀល អ៊ីចឹង​ខ្ញុំ​យក​ពី​កសិករ​ ២ ​ម៉ឺន​រៀល ខ្ញុំ​យក​ពី​គម្រោង​របស់​អូស្ត្រាលី​ ២ ម៉ឺន​រៀល​។ ពេលនោះ​ហើយ កសិករ​ខ្លះ​ថា ប្រថុយ​បាញ់ចោល​ទៅ​។ ក្រោយ​ដើរ​បាន​ ១ ​រដូវ កសិករ​ក៏​ចាប់ផ្តើម​ជឿជាក់​»​។​
អ្នកស្រី​បញ្ជាក់ថា​៖ «​ការងារ​កសិកម្ម​ប្រើដ្រូន​នេះ បើ​កុំ​តែ​បាន​ដៃគូ​សហការ​របស់​អូស្ត្រាលី​ជួយ​ធ្វើ​ទីផ្សារ​ចំនួន​ ៥០​ ភាគរយ កុំ​អី មិន​ដើរ​បាន​ប៉ុន​ហ្នឹង​ទេ ព្រោះ​កសិករ​មិន​ជឿជាក់​ទេ គឺ​គាត់​មិន​ជឿជាក់​ទាល់តែសោះ ព្រោះ​វា​ប្រើ​ទឹក​តិចជាង​ការបាញ់​ដោយ​កម្លាំង​មនុស្ស​»​។​

​កម្មវិធី CAVACII ដែល​បាន​បញ្ចប់ទៅ​កាលពី​ឆ្នាំ​ ២០២១ បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​ក្នុងការ​នាំយក​ឧបករណ៍​កៀរ​ពង្រាបដី​ឡាស៊ែរ និងដ្រូនមក​បម្រើ​ដល់​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​។ ឧបករណ៍​ដែល​ដៃគូ​របស់​កម្មវិធី CAVACII បាន​លក់​ចេញ រួមមាន ឧបករណ៍​កៀរ​ពង្រាបដី​ឡាស៊ែរ​ចំនួន​ប្រមាណ​ ៨៥​ គ្រឿង​ដែល​ផ្ទៃដី​កៀរ​បាន​ក្នុង​ ១ ​ឆ្នាំ​សរុប​ ៦ ០០០​ ហិកតា គិត​ជា​មធ្យម និងដ្រូន​បាញ់ថ្នាំ​ក​សិ​​កម្ម​ប្រមាណ ​៥០​ គ្រឿង​។

​បើ​យោងតាម​ឯកសារ​ដែល​ផ្តល់​ដោយ​ក្រុមការងារ ភាពជា​ដៃគូ កម្ពុជា​-​អូស្ត្រាលី សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់ (CAPRED) ដែលជា​គម្រោង​អនុវត្ត​បន្ត​ពី​កម្មវិធី ​CAVAC II​។ លើសពីនេះ​ឧបករណ៍​កៀរ​ពង្រាបដី​ឡាស៊ែរ​ចំនួន ២៥​គ្រឿង ត្រូវបាន​ទិញ និង​ផ្តល់​សេវា​កម្ម​កៀរ​ដីស្រែ​កសិករ​ជាង ​១៤២៥​ ហិកតា ដោយមាន​ការជួយ​ចេញថ្លៃ​សេវាកម្ម​ពី​កម្មវិធី CAVACII ចំនួន​ ៥០​ ភាគរយ​។​ CAPRED ដែល​នឹងត្រូវ​ចាយ​ថវិកា ​៨៧ ​លាន​ដុល្លារ សម្រាប់​រយៈពេល ​៥ ​ឆ្នាំ ផ្តោតលើ​សសរ​​ស្តម្ភ​ចំនួន​ ៣ រួមមាន កសិកម្ម និង​ការកែច្នៃ​កសិផល​កសិកម្ម សេវា​ហេដ្ឋារចនាសម្ព័ន្ធ និង​ពា​ណិ​ជ្ជ​កម្ម ការវិនិយោគ និង​ការអភិវឌ្ឍ​សហគ្រាស​។

​សូមជម្រាបជូនដែរថា​ យោងតាម​ការផ្សព្វផ្សាយ​រប​ស់​ស្ថាន​​ទូត​អូស្ត្រាលី សព្វថ្ងៃនេះ យ៉ាង​ហោចណាស់​មាន​ស្ត្រី​ចំនួន​ ៨ ​នាក់​មកពី​ខេត្តព្រៃវែង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយ​​មានជ័យ និង​ខេត្តសៀមរាប បាននិងកំពុង​ផ្តល់​សេវា​ផ្នែកដ្រូន​កសិកម្ម និង​ឧបករណ៍​កៀរ​ពង្រាបដី​ឡាស៊ែរ​។ ក្នុងនោះ ស្ត្រី​មួយចំនួន​ថែមទាំង​បាន​ពង្រីក​អាជីវកម្ម​របស់​ពួកគេ និង​បានទទួល​ស្គាល់​យ៉ាងខ្លាំង​ពី​សហគមន៍​ពួកគេ​។

...

​បន្ថែមពីនេះ​ អាជីវករ​រូប​នេះ ក៏បាន​រំឭកថា កសិករ​ម្ចាស់​ដីស្រែ និង​ចម្ការ​មិនបាន​ជឿជាក់​ក្នុងដំណាក់កាល​ដំបូង ដោយសារ​ការប្រើ​ប្រា​ស្រ់​ដូន​បាញ់ថ្នាំ​ការពារ​ដំណាំ​នេះ​ប្រើប្រាស់​ទឹក​តិច​ដែល​គាត់​បារម្ភ​ខ្លាច​មិន​សព្វ​ដំណាំ​របស់គាត់ ប៉ុន្តែ​ក្រោយ​គាត់​បាន​សាកល្បង​ទៅ គាត់​ទទួលបាន​ផល​ជោគជ័យ ដោយ​គាត់​ចំណេញ​ពេលវេលា ចំណេញ​ថ្នាំ ហើយ​គាត់​បាន​ផល​ច្រើន ស្រូវ​មិន​ខូច មិន​ស្កក គាត់​ក៏​ជឿជាក់​។​ លោកស្រី​ បន្ដថា៖ «​រាល់ថ្ងៃនេះ ខ្ញុំ​មានដ្រូន ​២ ប៉ុន្តែ​ខ្ញុំ​បាញ់​ឱ្យគេ​មិនទាន់​ទេ ហើយ​ខ្ញុំ​មាន​គម្រោង​ទិញដ្រូន​ថែម ​១ ​គ្រឿង​ទៀត​»៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print