ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះយានដ្ឋានជួសជុលរថយន្តមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៣ នៅយានដ្ឋានជួសជុលរថយន្តយីហោហ្គោល ធិច ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះគិត ចន្ថា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលរថយន្ត។ ទីតាំងដែលត្រូវបានអគ្គិភ័យឆាបឆេះនោះសាងសង់អំពីថ្មបេតុង ប្រក់ស័ង្កសី ទំហំទទឹង១៥ម៉ែត្រ បណ្តោយ៣០ម៉ែត្រ ។
ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះខាងលេីនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ក្នុងនោះបានបណ្តាលឱ្យឆាបឆេះខូចខាតរថយន្ត Toyota Pruis 05 ពណ៌មាស ចំនួន ០១គ្រឿង, ម៉ាក Ford Transit ១៩ ពណ៌ស ចំនួន០១គ្រឿង, ម៉ូតូម៉ាក Honda Wave ចំនួន ០១គ្រឿង និងប្រេងម៉ាស៊ីន Castrol ចំនួន ៣០កេស តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ ។
នៅវេលាម៉ោង៣និង៥០នាទីទៀបភ្លឺនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុងដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១២គ្រឿង ប្រើប្រាស់ទឹកអស់១៥ឡាន ស្មើនឹង៦០ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿងប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង០៦ម៉ែត្រគូប៕ ដោយ៖សុខាសែនជ័យ