ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអំពាវនាវដល់កងកម្លាំងទាំងអស់ត្រូវជឿជាក់មកលើរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងការប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ព្រមទាំងរួមគ្នាការពារសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៣ នេះ ជាអាទិ៍៖ ព្រឹត្តិការណ៍កីទ្បាអាស៊ានហ្គេម និងប៉ារ៉ាហ្គេម ដែលជាឱកាសនាំមកនូវមោទកភាពជាតិក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ និងការលើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ទាំងកម្រិតតំបន់ និងសាកលលោក ព្រមទាំងដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជាមួយនឹងការធានាថា ព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្ត្រដ៏សំខាន់ទាំងអស់នេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខពេញលេញ។
លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា រយៈកាលជាង ២០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ២០០២ កងពលតូចថ្មើរជើងលេខ៥២ និងបណ្តាកងឯកភាពចំណុះ ពិតជាមានការអភិវឌ្ឍរីកចម្រើនប្រែមុខប្រែមាត់គួរជាទីមោទនៈ ជាពិសេសនៅក្រោមការយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់សម្តេចទាំងទ្វេ។ មួយវិញទៀត វឌ្ឍនភាពទាំងនេះ ក៏មិនអាចកាត់ផ្តាច់បានឡើយពីការជួយឧបត្ថម្ភរបស់ក្រសួង-ស្ថាប័នស៊ីវិលជាអង្គភាពសម្ព័ន្ធមេត្រីភាព និងសប្បុរសជននានា ក៏ដូចជាការខិតខំប្រឹងប្រែងចូលរួមចំណែកប្រកបដោយការលះបង់ និងគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នៅក្នុងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ក្នុងរយៈកាលកន្លងមកនេះ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ ជាពិសេសការរួមចំណែកមិនអាចខ្វះបានពីសំណាក់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលមានភក្តីភាពជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។
លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគីទី៥ និងកងពលតូចថ្មើរជើងលេខ៥២ ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះយោធភូមិភាគទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេចបានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើនគួរជាទីមោទនៈ ដោយធានាបាននូវការពង្រឹងប្រៀបការពារជាតិក្នុងភូមិសាស្ត្រទទួលខុសត្រូវ ឱ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈ ព្រមជាមួយនឹងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ ជាពិសេសក្នុងកាលៈទេសៈនៃគ្រោះមហន្តរាយធម្មជាតិ និងការរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមកនេះ។
លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រំលឹកឡើងថា យោធភូមិភាគទី៥ គឺជាតំបន់ដែលមានប្រវត្តិញាំញីដោយសង្គ្រាមក្តៅជាងគេ ដែលជាហេតុនាំឱ្យមានអតីតយុទ្ធជន និងក្រុមគ្រួសារយុទ្ធជនពលីច្រើន។ មកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ជាប់ជាប្រចាំលើសុខទុក្ខរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើន សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវទំនាក់ទំនងជាប់ជិតដិត និងកក់ក្តៅជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចប់ភារកិច្ចចេញពីជួរ ពីព្រោះនេះ គឺជាជាគុណធម៌ និងការសម្តែងនូវការដឹងគុណចំពោះគុណូបការៈ ដែលអ៊ំពូមីងអតីតយុទ្ធជនបានលះបង់ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន។
សូមបញ្ជាក់ថា នៅព្រឹក ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាធិបតីភាព ក្នុងពិធីសមោ្ពធសមិទ្ធផលនានារបស់កងពលតូចថ្មើរជើងលេខ៥២ និងកងឯកភាពចំណុះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕
ដោយ : សិលា