សត្វ​ជ្រូក​ ២០ក្បាល​ បានងាប់ខណៈ​អគ្គិភ័យ​ឆេះរោងកសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ នៅស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង

ចែករំលែក៖

 

    ខេត្តបាត់ដំបង៖ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយកន្លែង​​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ទាំង​ព្រលឹម​ បណ្ដាលឱ្យ​សត្វ​ជ្រូក​ប្រមាណជា​ ​២០​ក្បាល​បាន​ងា​ប់ក្នុង​ភ្នក់ភ្លើង​ រីឯ​សត្វ​ជ្រូក​ជាច្រើន​ក្បាល​ទៀត​បាន​ផ្លោះ​ចេញ​ពី​ទ្រុង​រួច​ផុត​ជីវិត។ 

    បេី​តាមការបញ្ជាក់ពី​បុរសម្នាក់​ឈ្មោះ អេ​ង ហុង ដែលជាម្ចាស់កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​បានរៀបរាប់​ថា៖​ ហេតុការណ៍ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៥​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ស្ថិត​នៅ​ភូមិ​សំរោង​​​អូរ​ទ្រា ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ 

    ម្ចាស់កសិដ្ឋាន​រូបនេះ​បន្តថា​ ​កសិដ្ឋាន​របស់គាត់គឺមា​នទី​តាំងនៅ​ដាច់​ឆ្ងាយ​ពី​ភូមិ​បន្តិច ទើប​ជួប​ការ​លំបាក​ក្នុង​ការ​ជួយ​ធ្វើអន្តរាគម​ន៍​ពី​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​អគ្គិភ័យ​កើតឡើង ហេីយ​​មូលហេតុ​ដែល​បង្កឡើង​ដោយ​អគ្គិភ័យ​នេះ​គឺមិនដឹងថាបណ្ដាលឱ្យមកពីអ្វីនោះឡេីយ។ 

     បេី​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលមូលដ្ឋាន​ដែល​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​ខាងលេីនេះ​បានឱ្យដឹងថា​ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នោះធ្វើ​អំពី​ថ្ម​ខាងក្រោម គ្មាន​ជញ្ជាំង​ទេ​តែ​ដំបូល​ប្រក់​ស័ង្កសី​។ តាម​ការ​ពិនិត្យ​ជាក់ស្ដែង មូលហេតុ​ដែល​នាំ​ឱ្យអគ្គិភ័យ​ឆាបឆេះ​អស់​រោងកសិដ្ឋាន​នេះរហូត​ដល់ងាប់សត្វ​ជ្រូក​អស់​ជា​ច្រើន​ក្បាល​ ទំនង​អាច​បណ្ដាល​មក​ពី​ការ «​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនី​»។ 

   ដោយឡែក​សម្ភារខូចខាតរួមមាន៖​ រោង​ចិញ្ចឹម​ជ្រូក​មួយ​ខ្នង​ខូចខាត​ទាំងស្រុង​ ,រថយន្ត​ស៊េរី​ចាស់​០១​គ្រឿង​ ,សត្វ​ជ្រូក​ប្រមាណ​២០​ក្បាលក្នុង​ចំណោម​សត្វ​ជ្រូក​ប្រហែល​ជាង​៧០​ក្បាល​បាន​ងាប់​រដូករណែល​នៅ​ក្នុង​ភ្នក់ភ្លើង ខណៈ​សត្វ​ជ្រូក​ជាច្រើន​ក្បាលទៀតបាន​លោត​ផ្លោះ​ចេញ​ពីរបងរួចផុតជីវិត។

    គួរបញ្ជាក់ថា​ ក្នុងហេតុការណ៍នេះដែរ​ មិនមានមនុស្សរងរបួស​ឬក៏ស្លាប់នោះទេ៕ ដោយ​៖អរុណ​រះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print