ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវទស្សនៈចំនួន ៤ចំណុចដើម្បីលើកកម្ពស់ជនមានពិការភាពនៅកម្ពុជា។សម្តេចតេជោ បានថ្លែងបែបនេះ
នាពិធីបើកសន្និសីទ «ជនមានពិការភាពប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥» នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់តូតាសម្រាប់ជនមានពិការចំនួន ២ភាគរយសម្រាប់ជនមានពិការបម្រើការនៅតាមស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ជនមានពិការភាព។ ទន្ទឹមនេះនៅតាមស្ថាប័នឯកជនក៏ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យផ្តល់ឱកាសដល់ជនមានពិការភាពចូលបម្រើការងារដើម្បីជួយលើកកម្ពស់ជីវភាព និងការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានថ្លែងថា បច្ចុប្បន្នបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយបាននិងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាជនទូទៅ ជាពិសេសជនមាន-ពិការភាព និងជនងាយរងគ្រោះដទៃទៀត។
ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាព ប្រកបដោយបរិយាប័ន្នក្នុងសហគមន៍ និងក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា សម្តេចតេជោបានផ្តល់នូវទស្សនៈចំនួន ៤ចំណុច គឺទី១ ត្រូវលើកកម្ពស់ឱ្យមានការចូលរួមជាអតិបរមារបស់ជនមានពិការភាពនៅគ្រប់សកម្មភាពសង្គម សេដ្ឋកិច្ចនយោបាយ និងវប្បធម៌ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ទាំងទិដ្ឋភាព និងតួអង្គនៃការអភិវឌ្ឍ។
ទី២ បង្កើនកិច្ចសហការរវាងប្រជាជន រដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលត្រូវបានលើកទឹកចិត្ត សំដៅចែករំលែកបទពិសោធ ផ្លាស់ប្តូរបច្ចេកវិទ្យាព័ត៌មាន និងឧត្តមានុវត្តន៍ ជាក់ស្តែង ជាពិសេសមតិយោបល់ល្អៗនៃកិច្ចពិភាគ្សាគ្នាក្នុង រយៈពេល ៣ថ្ងៃ នៃសន្និសីទនេះ សម្រាប់ជាធាតុចូលដល់ការ សម្រួចបន្ថែមលើផែនការអភិវឌ្ឍវិស័យពិការភាពនៅកម្រិតសហគមន៍ឱ្យបានកាន់តែស៊ីជម្រៅ។
ទី៣ សម្តេចតេជោបានលើកទឹកចិត្តឱ្យបង្កើនកិច្ចសហការរៀបចំការបណ្តុះបណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេកទេសសមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើ ជាមួយបៀវត្សខ្ពស់ ក៏ដូចជាធ្វើឱ្យជនមានពិការភាពអាចចូលរួមកាន់ តែច្រើនពេញលេញ និងស្មើសិទ្ធិក្នុងទីផ្សារការងារទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ។
ទី៤ សម្តេចលើកទឹកចិត្តឱ្យបន្តពង្រឹងអនុវត្ត និងពង្រីកការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាបន្ន មានប្រសិទ្ធភាព និងទូលំទូលាយ។ លើសពីនេះសម្តេចអំពាវនាវឱ្យមានការចូលរួមជាមួយគ្នា ក្នុងស្មារតីជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ហ្សាកាតាស្តីពីទសវត្សរ៍ជនមានពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ឆ្នាំ២០២៣-២០៣២ ដើម្បីជាគុណប្រយោជន៍ដល់ជនមានពិការភាព ទូទាំងប្រទេស តំបន់ និងសកល។
ជាមួយគ្នានេះ សម្តេចបានអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ បន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីជនមានពិការភាព អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្តទីក្រុងអ៉ិនឈាន់ ដើម្បីផ្តល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពដល់ជនមានពិការភាពចំនួន ២ ភាគរយ ក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ និងវិស័យ ឯកជន។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ បន្តចូលរួមគាំទ្រលើការអនុវត្តគោលនយោបាយនានា ដើម្បីអាចផ្ដល់សិទ្ធិពិតប្រាកដដល់ជនដែលមានពិការភាព៕
ដោយ : សហការី