ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៥ ខែមីនា ឆ្នាំ២០២៣នេះថា៖ កម្លាំងនគរបាលស្រុកភ្នំព្រឹក បានចុះបង្រ្កាបទីតាំងជល់មាន់ភ្នាល់ដាក់ប្រាក់មួយកន្លែងជាក់ស្ដែងឃាត់ខ្លួនមនុស្សចំនួន០៧នាក់ យកមកអនុត្តតាមនីតិវិធីច្បាប់។
ករណីខាងលើនេះ បានកេីតឡេីងកាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ នៅចំណុច សៃឡូ ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្របតាមយោបល់ដឹកនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ចុះប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ ) ចំនួន ០១ករណី ឃាត់ខ្លួន មនុស្សចំនួន ០៧នាក់មកកាន់អធិការដ្ឋានដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ និងដកហូតបាន៖
-សង្វៀនមាន់ចំនួន ០១ ដុំ
-មាន់ចំនួន ១០ ក្បាល(ងាប់អស់ ០៣ ក្បាល)
-ស៊ុមដាក់មានចំនួន ០៥ ស៊ុម
-ជញ្ជីងចំនួន ០១ គ្រឿង
-ឆ្នាំងចំនួន ០១ , កាធុន ចំនួន ០១ ,ឡាំងស្ពេត្រូ ចំនួន០១
-ប្រាក់រៀលសរុបចំនួន៥៦០០០០រៀល (ហាសិបប្រាំមួយម៉ឺន រៀល )
-ម៉ូតូចំនួន ០៣ គ្រឿង ។
ជនសង្ស័យ និងវត្ថុតាងខាងលើសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ច្បាប់៕អារុណរះ