ភរិយារបស់លោក Omar Mateen ជាជនដៃដល់បាញ់ប្រាហារនៅក្នុងក្លឹបរាត្រីនៅ Orlando អាមរិកបានសារភាពជាមួយ FBI អាមេរិកថា ប្តីរបស់នាងបាននិយាយទៅកាន់រូបនាងថា គាត់មានបំណងចង់ក្លាយទៅជាជនវាយប្រហារភេរវកម្ម ។
នៅពេលនេះក្រុមស្រាវជ្រាវ FBI មិនជឿថា នាង Noor Salman ភរិយារបស់ជនដៃដល់គឺជាអ្នករួមដៃជាមួយក្នុងការវាយប្រហារភេរវកម្មនៅក្នុងក្លឹប Pulse សម្លាប់មនុស្ស៤៩នាក់។
បើទោះបីបែបនេះក្តីរដ្ឋាភិបាលកំពុងតែត្រួតពិនិត្យថាតើ នាង Noor Salman អាចត្រូវផ្តន្ទាទោសដែរឬទេ? នាងរងការចោទប្រកាន់ពីបទមិនប្រាប់ដំណឹងពីគម្រោងវាយប្រហារភេរវកម្មឲ្យមន្ត្រីទទួលខុសត្រូវបានដឹង។
ព័ត៌មានខាងលើបានលេចចេញក្រោយពេលដែលក្រុមស្រាវជ្រាវបានកំពុងតែស្វែងរកការពិតនៅពីក្រោយការបាញ់ប្រហារខាងលើសម្លាប់មនុស្ស ៤៩នាក់ និង ៥៣នាក់រងរបួស។
នាង Noor Salman បានឲ្យដឹងថា ក្រោយពេលដែលលោក Mateen ចាកចេញពីផ្ទះនៅថ្ងៃទី១១ ខែមិថុនា គឺមុនការវាយប្រហារកើតឡើងប៉ុន្មានម៉ោង ដោយគេបាននិយាយកុហកពីទីកន្លែងដែលទៅនោះ ។ នៅពេលនេះនាង Noor Salman កំពុងតែត្រូវបានក្រុមស៊ើបការអាមេរិកសួរចម្លើយ ។
ក្រោយការវាយប្រហារក្រុមរដ្ឋអ៊ិស្លាម IS បានប្រកាសទទួលស្គាល់ការវាយប្រហារភេរវកម្មនៅក្នុងទីក្រុង Orlando ផ្ល័ររីដា សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សយ៉ាងតិច ៥០នាក់ ។ ព្រឹត្តិប័ត្រព័ត៌មានផ្សព្វផ្សាយតាមវិទ្យុបានបញ្ជាក់ថា នេះជាការអនុវត្តឡើងដោយទាហានកាលីផេត (caliphate) ម្នាក់ ។
ព្រឹត្តបត្រព័ត៌មានផ្សព្វផ្សាយតាមវិទ្យុ Al Bayan បានបញ្ជាក់ថា «ព្រះជាម្ចាស់បានអនុញ្ញាតឲ្យ Omar Mateen ទាហានម្នាក់របស់កាលីផេតនៅក្នុងទឹកដីអាមេរិក អនុវត្តការបាញ់ប្រហារការជួបជុំនៅក្នុងក្លឹបរាត្រីមួយនៅក្នុងទីក្រុង Orlando ក្នុងរដ្ឋផ្ល័ររីដា ដោយសម្លាប់និងរងរបួសជាង១០០នាក់» ។
ក្រុមជីហាដនិយមបានបញ្ជាក់ថា វាជាក្រុមកាលីផេតរបស់ខ្លួនដែលបានហ្វឹកហាត់នៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់ ក្នុងឆ្នាំ២០១៤ ។
ទីភ្នាក់ងារព័ត៌មាន Amaq ដែលជាបណ្តាញទាក់ទងក្រុមរដ្ឋអ៊ិស្លាមនោះបានផ្សព្វផ្សាយថា ការវាយប្រហារនៅក្នុងក្លឹបរាត្រីគឺធ្វើឡើងដោយសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ដែរថា ខ្មាន់កាំភ្លើងត្រូវបានស្គាល់ឈ្មោះ Omar Mateen អាយុ២៩ឆ្នាំ ជាពលរដ្ឋអាមេរិក ដែលបានចុះចូលជាមួយក្រុមជីហាដនិយមរដ្ឋអ៊ិស្លាម ។
ក្រុម FBI អាមេរិកបានបញ្ជាក់ថា Mateen ដែលមានឪពុកម្តាយជាជនអាហ្វហ្គានីស្ថាន កើតនៅក្នុងទីក្រុងញូវយ៉ក កាលពីពេលកន្លងមក ការស៊ើបអង្កេតបានបញ្ជាក់យ៉ាងច្បាស់ថា រូបគេមានទំនាក់ទំនងជាមួយការបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាមេរិក។
នេះជាប្រវត្តិសាស្ត្រសម្លាប់រង្គាលនៅអាមេរិកដែលបានស្លាប់មនុស្ស ៥០នាក់ បូករួមទាំងជនវាយប្រហារផងដែរ និង ៥៣នាក់ផ្សេងទៀតរងរបួស ។
ព្រឹត្តិការណ៍បាញ់ប្រហារបានកើតឡើងអំឡុងពេលវេលាជិត៣ម៉ោង ចាប់ពីម៉ោង២រំលងអធ្រាត្រ ម៉ោងនៅក្នុងតំបន់ ស្ថិតនៅក្នុងក្លឹប Pulse Orlando ដែលកងរំពងដោយភ្លេងតន្ត្រីនៅវេលាជិតដល់ម៉ោងត្រូវបិទនោះ ។
ប៉ូលិសអាមេរិកបញ្ជាក់ថា ខ្មាន់កាំភ្លើងមានកាំភ្លើងស្វ័យប្រវត្តិ និងកាំភ្លើងដៃប្រើប្រាស់ក្នុងការបាញ់ប្រហារនេះ ។ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានចាត់ទុកការបាញ់សម្លាប់នេះជាទង្វើភេរវកម្ម ។
ឪពុកខ្មាន់កាំភ្លើងបាននិយាយថា កូនប្រុសរបស់ខ្លួនដែលបាញ់ប្រហារនេះទំនងទាក់ទងបញ្ហាស្រឡាញ់ភេទដូចគ្នា ។
សមាជិកសភា Michael McCaul ប្រធានគណៈកម្មការសន្តិសុខអាមេរិកបានបញ្ជាក់ថា ការបាញ់សម្លាប់នេះ ជាទង្វើភេរវកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកចាប់តាំងពីព្រឹត្តិការណ៍ ១១ កញ្ញា រៀងរហូតមក ៕
ប្រែសម្រួល៖ សាធី