ភំ្នពេញៈដើម្បីជំរុញដល់គុណភាពនិងសមត្ថភាពអាជ្ញាកណ្តាលបាល់ទះកម្ពុជា ឲ្យកាន់តែមានសមត្ថភាពល្អប្រសើរឡើងនោះសហព័ន្ធកីឡាបាល់ទះកម្ពុជាទទួលបានវគ្គបណ្តុះបណ្តាលរយៈពេលខ្លីពីក្រសួងអប់រំយុវជននិងកីឡាតាមរយៈមន្រ្តីសហ ព័ន្ធកីឡាបាល់ទះអាស៊ីម្នាក់ឈ្មោះ Thomas Chan ជនជាតិហុងកុងមកធ្វើបទបង្ហាញ ដល់ក្រុមអាជ្ញាកណ្តាលបាល់ទះកម្ពុជា ប្រមាណ៥០នាក់នៅសាលប្រជុំក្នុងវិមានពហុកីឡដ្ឋានជាតិចាប់ផ្តើមពីព្រឹកថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០១៦។
លោក បឹង គឹមតោ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រាប់ឲ្យដឹង ថា វគ្គសិក្សានេះមានរយៈពេល៥ថ្ងៃបង្ហាត់ដោយលោកគ្រូជនជាតិហុងកុងមកពី សហព័ន្ធកីឡាបាល់ទះអាស៊ីក្រោមគម្រោងរបស់ក្រសួងអប់រំយុវជនកីឡាតាមរយៈ ការស្នើសុំពីសហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីបំពេញបន្ថែមទៅលើសមត្ថភាពក្រុមអាជ្ញាកណ្តាលដែលបាននិងកំពុងអនុវត្ត កិច្ចការប្រចាំថ្ងៃជៀសវាងភាពចន្លោះ ប្រហោងនានានាំឲ្យប៉ះពាលដល់សេចក្តីថ្លៃថ្នូរអាជ្ញាកណ្តាលបាល់ទះ។
លោកបានបន្តទៀតថា វគ្គសិក្សាស្ដីពីអាជ្ញាកណ្ដាលនិងចៅក្រមបាល់ទះរយៈពេល៥ថ្ងៃនេះដើម្បីឲ្យសិក្ខាកាមទាំងអស់សិក្សាឈ្វេងយល់បន្ថែមជាមួយលោកគ្រូ Thomas Chan មកពីសហព័ន្ធបាល់ទះអាស៊ីនិងជាសមាជិកគណៈកម្មាធិការអាជ្ញាកណ្ដាលទ្វីបអាស៊ីផងដែរ ។
លោក Thomas Chan បានប្រាប់ឲ្យដឹងថា រយៈពេលសិក្សាខ្លី ប៉ុន្តែ លោកនិងព្យាយាមពន្យល់ដល់ចៅក្រមនិងអាជ្ញាកណ្តាលបាល់ទះកម្ពុជាទាំង៥០នាក់បានឈ្វេងយល់ពីច្បាប់របស់សហព័ន្ធ កីឡាបាល់ទះអាស៊ី ប៉ុន្តែច្បាប់គឺច្បាប់ចាស់ប៉ុណ្ណោះចំពោះច្បាប់ថ្មីទំនងត្រូវបានអនុម័តនាពេលឆាប់ៗនេះឬក៏ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិករួច ។
លោកបានបញ្ជាក់ថា ចំពោះច្បាប់ថ្មីនេះប្រហែលជាអាចមកដល់សមាជិកតាមបណ្តាប្រទេសផ្សេងៗរួមទាំងកម្ពុជាផងដែរនាអំឡុងខែកុម្ភៈឬខែមីនាឆ្នាំ២០១៧។ ជាមួយនឹងការសិក្សាអំពីទ្រឹស្តី ក្នុងនោះសិក្ខា កាមក៏ត្រូវចុះអនុវត្តផ្ទាល់នៅទីលានបាល់ទះផងដែរ៕
ដោយ៖ សារីម