អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ : តំណាងអយ្យការមិនទាន់បានទទួលសំណើណាមួយ របស់សហមេធាវីការពារសិទ្ធិដើម្បីសុំជួបពិរុទ្ធជន កឹម សុខា ទេ !

ចែករំលែក៖

ភ្នំពេញ : អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា,  តំណាងអយ្យការមិនទាន់បានទទួលសំណើណាមួយ របស់សហមេធាវីការពារសិទ្ធិដើម្បីសុំជួបពិរុទ្ធជន កឹម សុខា ទេ ! នេះបើយោងតាមការចេញ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា, អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សហមេធាវីការពារសិទ្ធិឱ្យពិរុទ្ធជន កឹម សុខា បានធ្វើសេចក្តី ថ្លែងការណ៍ស្តីពី “ការរំលោភសិទ្ធិទទួលបានជំនួយមេធាវីរបស់ឯកឧត្តម កឹម សុខា ដោយបានលើកឡើងថា មានការរារាំង និងមិនអនុញ្ញាតឱ្យសហមេធាវីចូលជួបពិគ្រោះយោបល់ច្បាប់ជាមួយកូនក្តី ដែលនាំឱ្យសហមេធាវី មិនអាចអនុវត្តសិទ្ធិបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវចំពោះកូនក្ដីបាន ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនថា៖ រហូតមកដល់ពេលនេះ តំណាងអយ្យការមិនទាន់បានទទួលសំណើណាមួយ របស់សហមេធាវីការពារសិទ្ធិដើម្បីសុំជួបពិរុទ្ធជន កឹម សុខា ទេ ។ ម្យ៉ាងទៀត សេចក្ដីថ្លែងការណ៍របស់សហមេធាវីការពារសិទ្ធិឱ្យពិរុទ្ធជនខាងលើ ជាការលើកឡើងប្រាសចាក ពីការពិត និងធ្វើឱ្យមានការភ័ន្តច្រឡំពីសាធារណជន ដោយហេតុថា ៖ នៅក្នុងផ្នែកនៃសេចក្ដីសម្រេចនៃសាល ក្រមព្រហ្មទណ្ឌលេខ ១៨២ “ម” ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចទី៣ បានសម្រេច ៖ “ដាក់ជនជាប់ ចោទឱ្យស្ថិតនៅក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយតម្រូវឱ្យគោរពកាតព្វកិច្ចមួយចំនួនដូចខាងក្រោម ៖

១. មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋានផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ។

២. មិនត្រូវជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬប្រយោល តាមប្រព័ន្ធបច្ចេក វិទ្យាក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ។”

យោងតាមសេចក្ដីសម្រេចនៃសាលក្រមខាងលើ សូមសហមេធាវី ពិនិត្យមើលក្នុងសាលក្រមឱ្យបានច្បាស់ និងអនុវត្តឱ្យបានត្រឹមត្រូវ ។ ក្នុងករណីដែលសហមេធាវីការពារសិទ្ធិមានបំណងចង់ជួបពិរុទ្ធជន កឹម សុខា សូម រៀបចំការស្នើសុំរបស់ខ្លួនជាលាយលក្ខណ៍អក្សរ ហើយប្រសិនបើក្នុងករណីបន្ទាន់សហមេធាវីអាចធ្វើការស្នើសុំ ដោយផ្ទាល់មាត់ មកតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងសម្រេច ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

...

ដោយ : រ៉ា រ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print