ការប៉ះទង្គិចគ្នានៅលើដែនអាកាសរវាងយន្តហោះចម្បាំងរុស្សី នឹងយន្តហោះគ្មានមនុស្សបើករបស់អាមេរិកបណ្តាលឱ្យយន្តហោះគ្មានមនុស្សបើកធ្លាក់ចូលក្នុងសមុទ្របង្កឱ្យមានភាពតានតឹង។
ក្រោយសកម្មភាពខាងលើ ទីក្រុងមូស្គូកាលពីថ្ងៃពុធបានព្រមានប្រឆាំងនឹងការហោះហើររបស់សហរដ្ឋអាមេរិកបែប «អរិភាព» ខណៈដែលភាពតានតឹងបានកើនឡើង បន្ទាប់ពីយន្តហោះចម្បាំងរបស់រុស្ស៊ីត្រូវបានចោទប្រកាន់ថា បានបុកជាមួយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅលើសមុទ្រខ្មៅ។
ទោះបីជារុស្ស៊ីបានបដិសេធថា យន្តហោះចម្បាំង Su-27 របស់ខ្លួនមិនបានវាយកម្ទេចយន្តហោះគ្មានមនុស្សបើក Reaper របស់អាមេរិកក៏ដោយ ក៏ទីក្រុងកៀវបាននិយាយថា ឧបទ្ទវហេតុជុំវិញដែនទឹកអន្តរជាតិខាងលើ គឺជាការប៉ុនប៉ងរបស់វិមានក្រឹមឡាំង ដើម្បីពង្រីកជម្លោះចូលទៅក្រៅប្រទេសអ៊ុយក្រែន។
ឧបទ្ទវហេតុដែលទីក្រុងវ៉ាស៊ីនតោនបានពណ៌នាកាលពីថ្ងៃអង្គារថា ជាកំហុសខុសឆ្គងសម្រាប់អាកប្បកិរិយាមិនប្រុងប្រយ័ត្ននិងគ្មានវិជ្ជាជីវៈ បាននាំឱ្យមានភាពតានតឹងថ្មីរវាងទីក្រុងមូស្គូ និងសម្ព័ន្ធមិត្តលោកខាងលិច។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បាននិយាយកាលពីថ្ងៃពុធថា «យើងរំពឹងថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការបំប៉ោងព័ត៌មានបន្ថែមទៀតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ហើយនិងបញ្ឈប់ការហោះហើរនៅជិតព្រំដែនរុស្ស៊ីទៀត»។
លោកបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Telegram យ៉ាងដូច្នេះថា «យើងចាត់ទុកសកម្មភាពណាមួយដែលប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក ជាទង្វើអរិភាពដោយបើកចំហ»។
មន្ទីរបញ្ចកោណបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់ខ្លួនត្រូវបានស្ទាក់ចាប់ «ក្នុងលក្ខណៈដែលមិនប្រុងប្រយ័ត្ន និងគ្មានវិជ្ជាជីវៈ» ក្នុងអំឡុងពេលបេសកកម្មធម្មតា ខណៈដែលរុស្ស៊ីបានបដិសេធថា យន្តហោះនេះតាមពិតបានធ្លាក់ដោយខ្លួនឯង ដោយសារបាត់ការគ្រប់គ្រង ដោយនិយាយថាយន្តហោះរុស្ស៉ីគ្មានជាប់ពាក់ព័ន្ធទេ៕ ដោយធីរីណា
រូបថត : RT