ភ្នំពេញ៖ មន្ទីរពេទ្យកុមារជាតិ បានចូលរួមកាត់បន្ថយនូវអត្រាមរណភាពកុមារឲ្យធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់ប្រទេសកម្ពុជា បានទទួលពានរង្វាន់កិត្តិយសពីអង្គការសុខភាពពិភពលោក (World Health Organization) លើការងារនេះថែមទៀត។ នេះបេីយោងតាមការបញ្ជាក់ពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបការងារឆ្នាំ ២០២២ និង លើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរពេទ្យកុមារជាតិ។
នាឱកាសនោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏សូមវាយតម្លៃខ្ពស់ចំពោះការជួយចូលរួមឧបត្ថម្ភទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ពីសំណាក់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងដៃគូក្នុងវិស័យឯកជន តាំងពីដើមរៀងមករហូតដល់បច្ចុប្បន្ន។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមលើកទឹកចិត្តជូនសមាជិក សមាជិកាអង្គសន្និបាតទាំងមូល ចូលរួមផ្តល់ជាយោបល់ ជាអនុសាសន៍ ជាមេរៀន ឬជាបទពិសោធន៍នានាបន្ថែមទៀត ដើម្បីជាការចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ពីការថែទាំ និងព្យាបាលអ្នកជំងឺកុមារ និងការដឹកនាំ គ្រប់គ្រងមន្ទីរ ពេទ្យឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ប នាយកមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងដែរថា ការថែទាំ និងព្យាបាល ឆ្នាំ២០២២ មន្ទីរពេទ្យទទួលបានចំនួនអតិថិជនកើនឡើង បើធៀបទៅនឹងឆ្នាំ២០២១ ជាក់ស្ដែង៖ ការពិនិត្យ និងពិគ្រោះជំងឺក្រៅមានការកើនឡើងរហូតដល់ទៅ ៤៨% បើប្រៀបធៀបទៅឆ្នាំ២០២១ មាន ៨៥,៦៥២ករណី និងឆ្នាំ២០២២ មាន១៦៧,១៧៦ករណី។
ការទទួលអោយសម្រាកពេទ្យមានការកើនឡើងរហូតដល់ទៅ៤០%បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ មាន១៤,៦២៧ករណី និងឆ្នាំ២០២២ មាន២៤,៥៣៥ករណី។ អត្រាប្រើប្រាស់គ្រែកើនដល់៣៣%។ សេវាវិទ្យុសាស្ត្រមានការកើនឡើងពី ២៧%លើសពីឆ្នាំ២០២១។ អេកូសាស្ត្រមានការកើនឡើងពី៣៨%លើសពីឆ្នាំ២០២១។ ស៊ីធីស្គែន មានការកើនឡើងពី ៣៨%លើសពីឆ្នាំ២០២១។
សូមជម្រាបថា បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ មន្ទីរពេទ្យកុមារជាតិបាននាំមកនូវការប្រែប្រួលថ្មីៗជាច្រើន ទាំងលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា៖ ការសាងសង់ និងជួសជុលបន្ថែមនូវអគារមន្ទីរពេទ្យ ការកសាងសមត្ថភាពមន្រ្តី និងបុគ្គលិករបស់មន្ទីរពេទ្យឲ្យកាន់តែមានសមត្ថភាពខ្ពស់ស្របទៅតាមបទដ្ឋាន វិទ្យាសាស្ត្រ និងស្តង់ដារជាតិ ដែលជាលទ្ធផលបានបង្ហាញច្បាស់នូវកំណើនអត្រាប្រើប្រាស់សេវាទូទៅរបស់មន្ទីរពេទ្យទាំងសេវាពិគ្រោះជំងឺក្រៅ និងសេវាសម្រាកនៅក្នុងមន្ទីរពេទ្យ ដែលសក្តិសមជាមន្ទីរពេទ្យ ថ្នាក់ជាតិពិតប្រាកដមួយ។
ទោះបីជាយើងទាំងអស់គ្នាបានមើលឃើញពីវឌ្ឍនភាព និងសមិទ្ធផលរបស់មន្ទីរពេទ្យយើងពីមួយថ្ងៃ ទៅមួយថ្ងៃ ពីមួយឆ្នាំ ទៅមួយឆ្នាំ មានការរីកចំរើនគួរអោយកត់សម្គាល់ក៏ដោយ ក៏កុមារកម្ពុជានៅប្រឈមនឹងគ្រោះថ្នាក់នៃការឈឺ និងការស្លាប់នៅខ្ពស់នៅឡើយ បើប្រៀបធៀបជាមួយនឹងបណ្តាប្រទេស ជិតខាងរបស់យើង ដែលទាមទារឲ្យយើងត្រូវតែបន្តនូវការខិតខំប្រឹងប្រែងមួយជំហានបន្ថែមទៀត។
គួរបញ្ជាក់ថា មន្ទីរពេទ្យកុមារជាតិ ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍគុណភាព សេវាសុខាភិបាល និង ការពង្រឹងសមត្ថភាពរបស់បុគ្គលិកទាំងចំណេះដឹង ជំនាញ និងឥរិយាបទប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ រហូតអាចក្លាយ ជាគ្រូបង្គោល ថ្នាក់ជាតិ ដែលអាចផ្តល់ការបង្ហាត់បង្រៀនបន្តដល់គ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប តាមបណ្តាខេត្តនានាផងដែរ៕ដោយ៖សហការី