ភ្នំពេញ ៖ ដើម្បីពង្រឹងច្បាប់ចរាចរណ៍ និងអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព និងដោយទទួលបាននូវបទបញ្ជាណែនាំពី ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនៃអធិការនគរបាលខណ្ឌឫស្សីកែវ និងលោកវរសេនីយ៍ឯក ដេ ម៉ៅ អធិការរងទទួលផែនចរាចរណ៍សណ្តាប់ធ្នាប់ បានចុះធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពដល់សិស្សានុសិស្សវិទ្យាល័យឫស្សីកែវ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ការចុះផ្សព្វផ្សាយនេះ ក្នុងគោលបំណងឱ្យសិស្សានុសិស្សទាំងអស់ យល់ជ្រួតជ្រាប អំពីច្បាប់ចរសចរណ៍ផ្លូវគោក និងផលប៉ះពាល់នានា ដែលបណ្តាលមកពីបទល្មើស ដោយអប់រំឱ្យសិស្សានុសិស្សទាំងអស់ ចៀសផុតពីអំពើល្មើសច្បាប់ទាំងឡាយ ហើយត្រូវខិតខំសិស្សារៀនសូត្រ ដើម្បីក្លាយជាសិស្សល្អ កូនល្អ និងមានសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម។
នៅក្នុងឱកាសនេះដែរ លោកអធិការនគរបាលខណ្ឌ បានលើកយកនូវចំណុចសំខាន់ៗ ចំនួន ០៣ មកធ្វើការផ្សព្វផ្សាយ ស្របតាមលក្ខណសម្បត្តិទាំង៧យ៉ាង នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពរួមមាន៖ ១-អំពីបញ្ហាក្មេងទំនើង ជាពិសេសក្មេងទំនើងនៅក្នុងសាលា។ ២-អំពីឥទ្ធិពល និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ។ ៣-អំពីច្បាប់ចរាចរណ៍ និងផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ថា ការចុះផ្សព្វផ្សាយនេះ គឺមានចូលរួមពី នាយរងការិយាល័យ នាយរងផ្នែក មន្ត្រីនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក លោក មូល វីរៈ ចៅសង្កាត់ឫស្សីកែវ លោកវរសេនីយ៍ តូច គឹមសុង នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឫស្សីកែវ លោក ចៅ វីរយុទ្ធ នាយកវិទ្យាល័យឫស្សីកែវ លោកនាយករង លោកគ្រូ អ្នកគ្រួ នៃវិទ្យាល័យឫស្សីកែវ និងមានការចូលរួមពីសិស្សានុសិស្សចំនួន ១៥៥នាក់ ក្នុងនោះសិស្សចំនួនស្រី ៩៣នាក់៕