ប្រមុខការទូតចិន៖ ទីក្រុងប៉េកាំង ចង់ឲ្យរុស្ស៉ី និងអ៊ុយក្រែន វិលទៅរកតុចរចាសន្តិភាព

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសចិន លោក ឈិន កាង (Qin Gang) បានប្រាប់សមភាគីអ៊ុយក្រែនតាមទូរស័ព្ទកាលពីថ្ងៃ១៦ខែមីន​ ​ថា ប្រទេសចិនព្រួយបារម្ភអំពីការកើនឡើងនៃសង្គ្រាមនៅអ៊ុយក្រែន ហើយចង់ឲ្យទីក្រុងមូស្គូ និងទីក្រុងកៀវ រៀបចំកិច្ចចរចាសន្តិភាព។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន នៅក្នុងជំនួបនោះ លោក ឈិន បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា យ៉ាងដូច្នេះថា «ចិនសង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងរក្សាភាពស្ងប់ស្ងាត់ ពិនិត្យឡើងវិញដោយអត់ធ្មត់ ហើយបន្តការចរចាសន្តិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
ប្រទេសចិនដែលបានបដិសេធថ្កោលទោសការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានជំរុញឲ្យភាគីទាំងពីរយល់ព្រមបន្ធូរបន្ថយភាពតានតឹងបន្តិចម្តងៗ ដែលនាំទៅដល់បទឈប់បាញ់នៅក្នុងផែនការ១២ចំណុចរបស់ខ្លួន ស្តីពី «ដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន»។ ផែនការដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីភាគីទាំងពីរ បានអំពាវនាវឲ្យមានការការពារជនស៊ីវិល និងការគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក។
ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដើម្បីជួបលោក វ្លាឌីមៀ ពូទីន ឲ្យបានឆាប់នៅសប្តាហ៍ក្រោយ ហើយគ្រោងបន្តជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ បើតាមក្រុមអ្នកវិភាគ វានឹងពិបាកសម្រាប់ចិនក្នុងការនាំរុស្ស៉ី និងអ៊ុយក្រែនទៅកាន់តុចរចា ប៉ុន្តែអ្នកខ្លះបានលើកឡើងថា មេដឹកនាំចិនរូបនេះអាចដើរតួជា «បណ្តាញខាងក្រោយ» សម្រាប់ការចាប់ផ្តើមសន្ទុះឆ្ពោះទៅរកកិច្ចចរចា៕

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print