ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេច នៅរសៀលថ្ងៃសុក្រទី១៧ ខែមីនា ឆ្នាំ២០២៣នេះថា៖ នាព្រឹកថ្ងៃ សុក្រ ទី១៧ ខែមីនានេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តុះវិជ្ជាជីវៈ បានរៀបចំនូវព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតនៅក្នុងទីតាំង «បុរីកម្មករ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ» ដោយមានរោងចក្រ សហគ្រាសធំៗចំនួន ៥ ចូលរួមជ្រើសរើសកម្មករ កម្មការិនីជាង ៥ ពាន់នាក់ និងមានបងប្អូនកម្មករ និយោជិត ចូលរួមយ៉ាងច្រើនកុះកររាប់រយនាក់។
កម្មវិធីនេះ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់បងប្អូនកម្មករ កម្មការិនី រោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេលកន្លងមកនេះ។
ការរៀបចំវេទិកាការងារនេះ គឺជាអន្តរាគមន៍ដោះស្រាយការងារបន្ទាន់មួយទៀតរបស់រាជរដ្ឋាភិបាល ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់បងប្អូនកម្មករ កម្មការិនីយើងឲ្យឆាប់ទទួលបានការងារថ្មីឡើងវិញ ដើម្បីរក្សាលំនឹងជីវភាព និង ប្រាក់ចំណូលរបស់បងប្អូន កម្មករ កម្មការិនី បន្ថែមពីលើការទទួលបាននូវការគាំពារតាមរយៈការឧបត្ថម្ភសាច់ប្រាក់ពីសំណាក់រាជរដ្ឋាភិបាល ដូចអំឡុងពេលនៃការព្យួរកិច្ចសន្យាការងារក្នុងពេលរីករាលដាលជំងឺកូវីដ។
ការរៀបចំព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិត នេះ ត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ, មន្ទីរការងារខេត្តកំពង់ស្ពឺ និងអជ្ញាធរមូលដ្ឋាន ដើម្បីជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ពិសេសបងប្អូនកម្មករ កម្មការិនី ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល។
NEA នឹងបន្តរៀបចំព្រឹត្តិការណ៍ដូចគ្នានេះ នៅតាមបណ្តាខេត្តដទៃទៀត ពិសេសខេត្តដែលមានតម្រូវការកម្លាំងពលកម្មច្រើនៗ ដើម្បីឲ្យបងប្អូន កម្មករ កម្មការិនី ឆាប់ទទួលបានការងារ។ ដូច្នេះ សូមបងប្អូន កម្មករ និយោជិត ដែលមានបំណងចង់ស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ អញ្ជើញចូលរួមផ្ទាល់ដើម្បីដាក់ពាក្យនៅតាមរោងចក្រ សហគ្រាស ដែលកំពុងជ្រើសរើសបុគ្គលិកជាច្រើននាក់។
សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតនាពេលក្រោយទៀត សូមទាក់ទងមក NEA តាមរយៈលេខទូរស័ព្ទ 017 46 74 23៕ដោយ៖សហការី