ភ្នំពេញ : អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បញ្ជូនមន្ត្រីព័ត៌មានចំនួន ២ រូប ទៅបំពេញបេសកកម្មការងារ ផ្តិតយករូបភាព និងផ្សាយផ្ទាល់ ពិធីដង្ហែរភ្លើងគប់ព្រះអគ្គីទៅតាមបណ្តាប្រទេសអាសុីអាគ្នេយ៍។ នេះបើយោងតាម facebook របស់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបង្ហោះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។
ក្នុងនោះថែមទាំងបញ្ជាក់ថា, អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានសម្រេចបញ្ជូនមន្ត្រីជំនាញព័ត៌មានចំនួន ២ រូប គឺ លោក សៀង កុសល និងលោក ឱរ សូរិយាពង្ស មន្ត្រីនាយកដ្ឋានព័ត៌មាន នៃអគ្គនាយកដ្ឋានទូទរស្សន៍ជាតិកម្ពុជា ទៅបំពេញបេសកកម្មការងារ ផ្តិតយករូបភាព និងផ្សាយផ្ទាល់ ពិធីដង្ហែរភ្លើងគប់ព្រះអគ្គីទៅតាមបណ្តាប្រទេសអាសុីអាគ្នេយ៍ទាំង៩ ចាប់ពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ តាមរយៈគណៈកម្មាធិការជាតិការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលជាប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជា។
សូមបញ្ជាក់ថា តាមកម្មវិធីដែលបានគ្រោងទុក មន្ត្រីព័ត៌មានទាំង២រូប នឹងត្រូវចេញដំណើរនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ ពីខេត្តសៀមរាប ឆ្ពោះទៅកាន់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម៕
ដោយ : សហការី