ខេត្តព្រះសីហនុ ៖ ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ទទួលការងារសន្តិសុខ និងគ្រោះមហន្តរាយ បានអញ្ជើញអមដំណើរ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខកងទ័ពជើងទឹក ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខ។
ពិធីសំណេះសំណាលបានធ្វើឡើងនៅមូលដ្ឋានកងទ័ពជើងទឹក (រាម) ស្ថិតក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងបណ្តានាយកស្ថាប័ន មេបញ្ជាការ មេបញ្ជាការរងការពារកោះ-ឆ្នេរ មូលដ្ឋានសមុទ្រ នាយកវិទ្យាស្ថានហ្វឹកហ្វឺនកងទ័ពជើងទឹក និងអង្គភាពប្រឆាំងភេរវកម្ម។
នៅក្នុងមតិសំណេះសំណាល នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន ប្រធានសមាគមកាកបាទក្រហមកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយបានកោតសរសើរចំពោះវីរភាពរបស់កងទ័ពជើងទឹកនៅក្នុងកិច្ចការពារបូរណភាពទឹកដី ការពារកោះ ឆ្នេរ ប្រកបដោយទឹកចិត្តក្លាហាន មោះមុត និងការលះបង់ខ្ពស់។
ពាក់ព័ន្ធដល់សភាពការណ៍ជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីភាពជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ នាំកម្ពុជាឆ្លងផុតពីជ្រោះមរណ: ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានអំពើហឹង្សា និងជោគជ័យកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឱ្យកិត្យានុភាពកម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិ។
ក្នុងភារកិច្ចចំពោះមុខ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់កងកម្លាំងកងទ័ពជើងទឹកគ្រប់ផ្នែក បន្តបំពេញភារកិច្ចដោយការទទួលខុសត្រូវ ក្នុងនោះយកចិត្តទុកដាក់ការគ្រប់គ្រងកម្លាំង ការថែទាំជួសជុលគ្រឿងបំពាក់ ការហ្វឹកហ្វឺន រៀនសូត្រ ពង្រឹងសមត្ថភាព និងការត្រៀមលក្ខណៈ មធ្យោបាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងហេតុការណ៍ផ្សេងៗ។
ជាមួយនឹងដំណើរចុះសួរសុខទុក្ខនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៍បាននាំយកថវិកាមួយចំនួន ដែលជាការឧបត្ថម្ភរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ទៅឧបត្ថម្ភដល់កងកម្លាំងកងទ័ពជើងទឹកឈរជើងការពារកោះ- ឆ្នេរផងដែរ៕
ដោយ : សិលា