ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ផែនការជូនកម្លាំងជំនាញនគរបាលចរាចរណ៍ក៏ដូចជាកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ឱ្យធ្វើការឃាត់យានយន្តគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេសធ្វើឲ្យចាំងដល់អ្នកបើកបរបញ្ច្រាសទិស និងសរសេរអក្សរឬបិទរូបភាពមិនសមរម្យ។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី១៧ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងអាជ្ញាធរខណ្ឌ៧មករាបានឃាត់រុឺម៉កកង់បី ចំនួន១៨គ្រឿងដែលបានបំពាក់ភ្លើងបំភ្លឺខុសបច្ចេកទេស បំពងស៊ីផ្លេសំឡេងឮខ្លាំង ដាក់ហ្វ្រ័ងដែលបន្លឺជាសំឡេងរំខាន កែច្នៃបំពងសំឡេង (ស៊ីមុាំងប្រែន) ខុសលក្ខណៈបច្ចេកទេស និងសរសេរអក្សរឬបិទរូបភាពមិនសមរម្យ។
ម្ចាស់រុឺម៉កកង់បី (ឡំប្រឺតា) ដែលលេងខុសលក្ខណៈបច្ចេកទេសបានលើកឡើងថា កន្លងមកពួកគាត់បានតុបតែងលេងដោយសារតែការស្រឡាញ់ និងលេងតាមគ្នា ដោយពុំដឹងថាការតុបតែងលេងនេះខុសច្បាប់នោះឡើយ។ ក្រោយមានការអប់រំណែនាំពីសំណាក់អាជ្ញាធរពួកគាត់បានសន្យាថាឈប់តុបតែងខុសពីលក្ខណៈបច្ចេកទេសនិងជួយផ្សព្វផ្សាយប្រាប់គ្នាបន្តឱ្យឈប់លេងខុសលក្ខណៈបច្ចេកទេសបែបនេះទៀត។
លោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរងទទួលផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាបានឱ្យដឹងថា ក្រោយទទួលបទបញ្ជារបស់លោកស្នងការរងទទួលផែនចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការឃាត់រុឺម៉កកង់បីបានចំនួន១៨គ្រឿងដែលមានលក្ខណៈខុសបច្ចេកទេស ដើម្បីយកមកធ្វើការអប់រំណែនាំនៅអធិការដ្ឋាន ដោយពុំមានការផាកពិន័យនោះទេដោយគ្រាន់តែធ្វើកិច្ចសន្យានឹងធ្វើការអប់រំណែនាំព្រោះនេះជាលើកទីមួយ។ក្នុងករណីមិនរាងចាលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ម្ដងទៀតនិងធ្វើការផាកវិន័យតាមនីតិវិធីច្បាប់។
ក្រោយធ្វើការឃាត់បានរុឺម៉កកង់បី (ឡំប្រឺតា) បានចំនួន ១៨ គ្រឿងកម្លាំងនគរបាលបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករាដើម្បីធ្វេីការអប់រំណែនាំ ធ្វេីកិច្ចសន្យា រួចឱ្យធ្វើការបកនិងដោះអ្វីដែលខុសបច្ចេកទេសចេញទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕ ដោយ រ៉ារ៉ា