ភ្នំពេញ ៖ បេីគិតមកដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ មានរថយន្តសេ៊រីទំនើបចំនួន៤គ្រឿងហេីយត្រូវបានអគ្គិភ័យឆាបឆេះ មានខ្លះឆេះខ្ទេចអស់ទាំងស្រុង និងខ្លះឆេះអស់៦០%ទៅ៧០% ដោយសង្ស័យបណ្ដាលមកពីឆ្លងប្រព័ន្ធភ្លើងរថយន្ត។
គួរបញ្ចាក់ថា រថយន្តទំនេីបចំនួន០៤គ្រឿងដែលត្រូវបានអគ្គិភ័យឆាបឆេះនោះរួមមាន ៖ ករណីទី១ កាលពីរសៀល ថ្ងៃទី08 ខែវិច្ឆិកា ឆ្នាំ2022 រថយន្ត Range Rover ពណ៌ខ្មៅមួយគ្រឿង ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងនៅលើផ្លូវល្បឿនលឿន ត្រង់គីឡូម៉ែត្រលេខ ៥៦ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ករណីទី២ កើតឡើងកាលពីល្ងាច ថ្ងៃទី01 ខែមីនា ឆ្នាំ2023 រថយន្តម៉ាក MERCEDES BENZ C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា N.M.9699 ត្រូវបានភ្លើងឆេះអស់ទាំងស្រុងនៅលើផ្លូវល្បឿនលឿន ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទិសដៅព្រះសីហនុ-ភ្នំពេញ។
ករណីទី៣ កើតឡើងកាលពីវេលាម៉ោងជាង 06ល្ងាចថ្ងៃទី 03 ខែ មីនា ឆ្នាំ2023 រថយន្ត RANGE ROVER ពណ៌ស ត្រូវបានភ្លើងឆេះអស់ទាំងស្រុង នៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រ ៥៧-៥៨ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
ករណីទី៤ រថយន្ត RANGE ROVER សេ៊រីទំនើបមួយគ្រឿង បានឆេះនៅលើផ្លូវល្បឿនលឿន ចម្ងាយពីច្រកចេញចូលបង់ប្រាក់រាជធានីភ្នំពេញប្រមាណ២គីឡូម៉ែត្រ ដែលកើតឡើងកាលពីរសៀល ថ្ងៃទី18 ខែមីនា ឆ្នាំ2023នេះ។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កេីនការប្រុងប្រយ័ត្នមុនពេលបេីកបរ ដោយពិនិត្យយានយន្តរបស់លោកអ្នកឱ្យបានគ្រប់ជ្រុងជ្រោយ ថាតើអាចដំណេីរការបានល្អ ឬយ៉ាងណានៅពេលធ្វេីដំណេីរ ៕ ដោយ ៖ ភារ៉ា ដង្កោ