ខេត្តស្វាយរៀង: លោក ស៊ិន សូផាន្នី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំជ្រៃធំបានថ្លែងថា សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាឃុំជ្រៃធំទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះថា គណបក្សប្រជាជនកម្ពុជាកើតចេញពីប្រជាជន និងបម្រើប្រជាពលរដ្ឋពិតៗ។
ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៨ខែមីនាឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសមាជិកសមាជិកាគ្រួសារបក្សចំនួន២ភូមិ មានភូមិត្រពាំងភ្លោះ និងភូមិស្រះក្នុងឃុំជ្រៃធំ ស្រុករមាសហែក នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំជ្រៃធំ ដែលមានការចូលរួមសរុបចំនួន៥៣៨នាក់។
លោកស៊ិន សូផាន្នី បានបន្តថា
ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយជាតិ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រធាន ដោយលើគ្រប់វិស័យទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា កំណើនសេដ្ឋកិច្ចជាតិមានការកើនឡើងជាបន្តបន្ទាប់ឥតឈប់ឈរ នេះគឺដោយសារគណបក្សប្រជាជនកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយដឹកនាំដ៏ត្រឹមត្រូវបានប្រែក្លាយគោលនយោបាយគណបក្សប្រជាជនកម្ពុជាមកជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ។
លោកបន្តថា សូមផ្ដាំផ្ញើសាកសួរសុខទុក្ខនឹករលឹកនិងជូនពរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងលោកស្រីកិតិ្តសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជាក៏ដូចជាលោកសៅ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករមាសហែកជូនដល់បងប្អូនសមាជិកសមាជិកា គ្រួសារបក្សដែលបានចូលរួមនាពេលនេះផងដែរ។
លោកបានបន្ថែមថា ជាការណ៍ពិតហើយ ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រគឺជាការបោះឆ្នោតដ៏ធំទី១ ដែលមានអត្ថន័យជ្រាលជ្រៅជាងការបោះឆ្នោតថ្នាក់មូលដ្ឋាន តែមិនមានន័យថា ការបោះឆ្នោតជ្រើសរើស អ្នកដឹកនាំមូលដ្ឋានមិនមានសារៈសំខាន់ នោះទេ ព្រោះថាការបោះឆ្នោតនេះវាផ្សារភ្ជាប់នឹងការអនុវត្តនូវគោលនយោបាយ គោលការណ៍ជាគន្លឹះ របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាក្នុងការពង្រឹងស្ថិរភាពនៅមូលដ្ឋាន ជំរុញការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ហើយជំរុញការកែទម្រង់នៃការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ គឺការផ្ទេរសិទ្ធិអំណាចឱ្យប្រជាពលរដ្ឋដែលលោកជា ម្ចាស់ទឹកម្ចាស់ដីនៅតាមឃុំ សង្កាត់នានា មានសិទ្ធិ ក្នុងការជ្រើសរើសអ្នកដឹកនាំនៅមូលដ្ឋានរបស់គាត់ផ្ទាល់ផងដែរ។
ក្នុងឱកាសនោះដែរ លោក ស៊ិន សូផាន្នី ក៏បានឧបត្ថម្ភក្នុងការចាក់ដីជួសជុលផ្លូវលំមួយខែ្សឆ្លងកាត់ភូមិស្រះ ដែលមានទំហំផ្លូវទទឹង៤ម៉ែត្រ និងបណ្ដោយ ២ ០០០ម៉ែត្រ ថវិកាចំនួន២លានរៀល និងបានឧបត្ថម្ភការចាក់ដីជួសជុលផ្លូវលំ ឆ្លងកាត់ក្នុងភូមិត្រពាំងភ្លោះ ថវិកាចំនួន១ លានរៀលផងដែរ៕ ដោយសុថាន